ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា គូស្នេហ៍ជនជាតិអ៊ីស្រាអែលមួយគូត្រូវបានចាប់ខ្លួននៅប្រទេសថៃកាលពីថ្ងៃអង្គារ បន្ទាប់ពីបានធ្វើសកម្មភាពរួមភេទជាសាធារណៈនៅទឹកជ្រោះ Wang Sai Thong នៅលើកោះ Ko Pha Ngan ដ៏ពេញនិយមរបស់ប្រទេសនេះ។
គេហទំព័រព័ត៌មាន Thaiger បានរាយការណ៍ថា ហេតុការណ៍នេះត្រូវបានថត និងបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្កឲ្យមានការខឹងសម្បារទូទាំងប្រទេស។ បន្ទាប់ពីវីដេអូដ៏ល្បីនេះ ប៉ូលីសក្នុងតំបន់បានបើកការស៊ើបអង្កេត និងតាមដានគូស្នេហ៍នេះទៅកាន់សណ្ឋាគារក្បែរនោះ។
នេះបើយោងតាមការចុះផ្សាយរបស់ The Times of Israel ចេញផ្សាយថា ពួកគេត្រូវបានចាប់ខ្លួននៅទីនោះដោយប៉ូលីស និងមន្ត្រីអន្តោប្រវេសន៍ ហើយត្រូវបាននាំទៅកាន់ការិយាល័យអន្តោប្រវេសន៍របស់កោះនេះដើម្បីសួរចម្លើយ។
អាជ្ញាធរបាននិយាយថា គូស្នេហ៍នេះបានសារភាពថា ជាបុគ្គលនៅក្នុងវីដេអូ ហើយបានបញ្ជាក់ពីសកម្មភាពផ្លូវភេទរបស់ពួកគេ។ពួកគេត្រូវបានចោទប្រកាន់ពីបទអាសអាភាសជាសាធារណៈ ហើយត្រូវបានបញ្ជូនទៅប៉ុស្តិ៍ប៉ូលីស។
មន្ត្រីប៉ូលីសបានសង្កត់ធ្ងន់ថា អាកប្បកិរិយារបស់គូស្នេហ៍នេះបានរំលោភលើច្បាប់ថៃ និងបង្ហាញពីការខ្វះការគោរពចំពោះវប្បធម៌ក្នុងស្រុក។
ទិន្នន័យទេសចរណ៍បង្ហាញថា អ្នកធ្វើដំណើរអ៊ីស្រាអែលប្រហែល ៣០០,០០០ នាក់បានមកទស្សនាប្រទេសថៃចន្លោះខែមករា និងខែកញ្ញា ឆ្នាំនេះ ដែលជាការកើនឡើង ៥៧ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលថៃបានអំពាវនាវដល់អ្នកទេសចរអ៊ីស្រាអែលឲ្យធ្វើសកម្មភាពដោយគោរព ខណៈពេលកំពុងមកទស្សនាប្រទេសនេះ ចំពេលមានការខកចិត្តពីសាធារណជនកាន់តែខ្លាំងឡើងចំពោះអាកប្បកិរិយារបស់ពួកគេ៕
