បារាំង៖ ព្រះរាជអាជ្ញាបារាំងម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមចោរប្លន់ប្រដាប់អាវុធដែលបានប្រើប្រាស់គ្រឿងផ្ទុះដើម្បីចូល មន្ទីរពិសោធន៍ចម្រាញ់មាសមួយក្នុងទីក្រុងលីយ៉ុងកាលពីសប្តាហ៍មុន បានប្លន់យកលោហៈដ៏មានតម្លៃចំនួន ៣២ លានដុល្លារអាមេរិក ដែលប៉ូលីសបានរកឃើញភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពប្លន់នោះ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express
ការឆ្មក់ចូលដ៏ក្លាហានក្នុងទីក្រុងភាគខាងកើតនេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយប៉ូលីសបានចាប់ខ្លួនជនល្មើសដែលសង្ស័យយ៉ាងឆាប់រហ័ស និងរឹបអូសលោហៈដ៏មានតម្លៃចំនួន ៣០៦ គីឡូក្រាម (៦៧៥ ផោន) ភាគច្រើនជាមាស។
ព្រះរាជអាជ្ញាទីក្រុងលីយ៉ុង លោក Thierry Dran បាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា មនុស្ស ៦ នាក់ ក្នុងនោះបុរស ៥ នាក់ និងស្ត្រីម្នាក់ ដែលមានអាយុចន្លោះពី ៣០ ទៅ ៤០ ឆ្នាំត្រូវបានឃុំខ្លួនភ្លាមៗបន្ទាប់ពីហេតុការណ៍នៅមន្ទីរពិសោធន៍ Pourquery ។
លោកបានបន្តថា ពួកគេជាឧក្រិដ្ឋជនដែលមានបទពិសោធន៍ ហើយបុរសទាំង ៥ នាក់នេះ ធ្លាប់មានការកាត់ទោសពីមុនមក ក្នុងនោះ ៣ នាក់ពីបទប្លន់ប្រដាប់អាវុធ។ ព្រះរាជអាជ្ញាបានបន្ថែមថា ស្ត្រីរូបនេះមិនមានប្រវត្តិឧក្រិដ្ឋកម្ម និងបុរសម្នាក់ក្នុងចំណោមបុរសទាំងនោះបានបដិសេធការចូលរួម ខណៈដបុរស ៤ នាក់ផ្សេងទៀតនៅស្ងៀមក្នុងអំឡុងពេលសួរចម្លើយ។
លោក Dran បានបញ្ជាក់ថា លោកបានស្នើសុំឲ្យពួកគេត្រូវបានចោទប្រកាន់ពីបទល្មើសជាច្រើន រួមទាំងការឃុបឃិតព្រហ្មទណ្ឌ និងប្លន់ដោយប្រើអំពើហិង្សា ហើយត្រូវបានឃុំខ្លួនមុនពេលកាត់ក្តី ទោះបីជាមិនទាន់ច្បាស់ភ្លាមៗថា តើអ្នកទាំង ៦ នាក់នឹងប្រឈមមុខនឹងការចោទប្រកាន់ដូចគ្នាឬអត់ក៏ដោយ។
ដំបូងឡើយ មន្ត្រីបានវាយតម្លៃទ្រព្យសម្បត្តិនេះថា មានចំនួន ១៣.៨ លានដុល្លារ ប៉ុន្តែលោក Dran បាននិយាយកាលពីថ្ងៃចន្ទថា តម្លៃពិតរបស់វាគឺ ៣២ លានដុល្លារ ដែលច្រើនជាងទ្វេដងនៃចំនួននោះ។
ការវាយប្រហារនៅមន្ទីរពិសោធន៍មាសនេះគឺជាករណីលួចចុងក្រោយបំផុតក្នុងចំណោមការលួចជាបន្តបន្ទាប់ ដែលបានបង្កឲ្យមានការព្រួយបារម្ភអំពីសន្តិសុខមិនគ្រប់គ្រាន់នៅសារមន្ទីររបស់ប្រទេសបារាំង និងកន្លែងផ្សេងទៀតមានវត្ថុមានតម្លៃខ្ពស់៕
