ព័ត៌មានអន្តរជាតិ

Nissan ប្រកាសលក់អគារ​ទីស្នាក់ការកណ្តាល ​​របស់ខ្លួននៅទីក្រុង Yokohama ក្នុងតម្លៃ ៩៧ ពាន់លានយ៉េន

តូក្យូ៖ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan Motor Co ដែលមានបញ្ហាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងលក់អគារទីស្នាក់ការ កណ្តាលរបស់ខ្លួននៅទីក្រុង Yokohama ក្នុងតម្លៃ ៩៧ ពាន់លានយ៉េនស្មើនឹង ៦៣០ លានដុល្លារ ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ របស់ក្រុមហ៊ុន យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today  ។

នេះបើយោងតាមសេចក្តីថ្លែងការណ៍ មួយថា ក្រុមហ៊ុន Nissan នឹងជួលអគារនេះ ហើយបន្តប្រើប្រាស់ វាជាទីស្នាក់ការ កណ្តាលរបស់ខ្លួន ខណៈកត់ត្រាប្រាក់ចំណេញចំនួន ៧៣,៩ ពាន់លានយ៉េន (៤៨០ លានដុល្លារ) ពីការលក់ទៅឲ្យប្រតិបត្តិករអចលនទ្រព្យ ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ MJI Godo Kaisha ។

យោងតាមក្រុមហ៊ុន Nissan ដែលផលិតរថយន្តម៉ូដែល March subcompact និង Infiniti ប្រណីតថា មូលនិធិនេះនឹងត្រូវបានប្រើប្រាស់ដើម្បីធ្វើទំនើបកម្ម ប្រព័ន្ធផ្ទៃក្នុងនៅទីស្នាក់ការកណ្តាលរបស់ខ្លួន ដោយបង្កើនល្បឿនការប្រើប្រាស់ប្រព័ន្ធដែលជំរុញដោយ AI និងការធ្វើទំនើបកម្មឌីជីថលក្នុងប្រតិបត្តិការផ្សេងៗ។

ក្រុមហ៊ុន MJI Godo ជាមូលនិធិគោលបំណងពិសេសដែលគ្រប់គ្រងដោយក្រុមហ៊ុន Minth Group ជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តធំមួយដែលភាគហ៊ុនរបស់វាត្រូវបានចុះបញ្ជីនៅហុងកុង។ តម្លៃនៃការជួលមិនត្រូវបានបង្ហាញទេ។

ក្រុមហ៊ុន Nissan គ្រោងនឹងរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុឆមាសទីមួយនៅពេលក្រោយនៃថ្ងៃនោះ បាននឹងកំពុងតស៊ូដើម្បីវិលត្រឡប់ទៅរកប្រាក់ចំណេញវិញ បន្ទាប់ពីបានប្រកាសពីការខាតបង់ចំនួន ៦៧០.៩ ពាន់លានយ៉េន ស្មើនឹង ៤.៤ ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធរហូតដល់ខែមីនា។

ក្រុមហ៊ុននេះបានសន្យាថា នឹងមានការផ្លាស់ប្តូរក្រោម ការដឹកនាំរបស់នាយកប្រតិបត្តិថ្មី លោក Ivan Espinosa ជាជនជាតិម៉ិកស៊ិកដែលមានបទពិសោធន៍ពីរទសវត្សរ៍នៅក្រុមហ៊ុន Nissan បានឡើងកាន់តំណែងនៅដើមឆ្នាំនេះ។ ក្រុមហ៊ុនបាននិយាយអំពីការលក់នេះថា ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីវិធីសាស្រ្ត ដែលមានវិន័យចំពោះប្រសិទ្ធភាពដើមទុន ដោយដោះសោតម្លៃពីទ្រព្យសកម្មមិនមែនស្នូល ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរ ក្នុងអំឡុងពេលឆ្នាំដ៏លំបាក។

ក្រុមហ៊ុនបាននិយាយថា ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនក្នុងការច្នៃប្រឌិត រក្សាការប្រកួតប្រជែង និងអនុវត្តការស្រាវជ្រាវយ៉ាងសកម្មសម្រាប់កំណើននាពេលអនាគត។ ខ្លួនកំពុងកាត់បន្ថយកម្លាំងពលកម្មសកលចំនួន ១៥ ភាគរយ ឬប្រហែល ២០,០០០នាក់។ ក្រុមហ៊ុនក៏កំពុងបិទរោងចក្រផលិតរថយន្តរបស់ខ្លួននៅ Oppama ខេត្ត Kanagawa ផងដែរ៕

Most Popular

To Top