ព័ត៌មានអន្តរជាតិ

អតីតស្រីកំណាន់អាយុ ៣១ ឆ្នាំ ប្តឹងអតីតនាយកប្រតិបត្តិក្រុមហ៊ុន Google លោក Eric Schmidt ពីបទតាមដាន និងរំលោភបំពាន

អាមេរិក ៖ នេះបើយោងតាមឯកសារតុលាការ ដែលទើបរកឃើញថ្មីៗ បានឲ្យដឹងថា អ្នកនាង Michelle Ritter អាយុ ៣១ ឆ្នាំ អតីតស្រីកំណាន់ របស់អតីតនាយកប្រតិបត្តិ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google លោក Eric Schmidt អាយុ ៧០ ឆ្នាំ បានប្តឹងលោកពីបទតាមដាន និងរំលោភបំពានលើរូបអ្នកនាង យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express ។

យោងតាមឯកសារតុលាការដែលទទួលបានដោយ New York Post អ្នកនាង Ritter បានដាក់ពាក្យបណ្តឹងនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ ដោយចោទប្រកាន់លោក Schmidt ថា បានប្រើប្រាស់ជំនាញ បច្ចេកទេសរបស់លោកដើម្បីតាមដាននាង និងចាក់សោនាងមិនឲ្យចូលមើល គេហទំព័ររបស់ក្រុមហ៊ុន ចាប់ផ្តើមអាជីវកម្ម AI ផ្ទាល់ខ្លួនរបស់នាងគឺ Steel Perlot។

អ្នកនាងបានអះអាងថា លោក Schmidt បានធ្វើឲ្យនាងទទួលរងនូវការឃ្លាំមើលឌីជីថលជាប្រចាំ ដែលធ្វើឲ្យការទំនាក់ទំនងឯកជនមិនអាចទៅរួចទេ។ អ្នកនាងបាននិយាយក្នុងឯកសារថា ខ្ញុំពិតជាមិនអាចមានការហៅទូរសព្ទឯកជន ឬផ្ញើអ៊ីម៉ែលឯកជនដោយគ្មានការឃ្លាំមើលបានទេ។ ជាអកុសល អតីតដៃគូរបស់ខ្ញុំមានអំណាច និងមានសមត្ថភាពខ្លាំង ហើយបានប្រើគ្រប់មធ្យោបាយ ដើម្បីរារាំងខ្ញុំពីការចូលប្រើទិន្នន័យ ឧបករណ៍ ហិរញ្ញវត្ថុ ឬអាជីវកម្មដែលមានសុវត្ថិភាព ឬគ្រាន់តែរស់នៅដោយសន្តិភាព” ។

នេះបើយោងតាមរបាយការណ៍របស់ Page Six បាននិយាយថា អ្នកនាង Ritter បានចាប់ផ្តើមណាត់ជួបនៅឆ្នាំ ២០២១ លោក Schmidt ហើយមហាសេដ្ឋីបច្ចេកវិទ្យារូបនេះបានវិនិយោគ ១០០ លានដុល្លារទៅក្នុងក្រុមហ៊ុន AI startup របស់នាង ។ របៀបរស់នៅរបស់នាង ដែលទទួលឥទ្ធិពល ពីលោក Schmidt រួមទាំងការបើកបរ Tesla របស់លោក ការរស់នៅក្នុងវិមាន Bel Air របស់លោក និងការធ្វើកិច្ចប្រជុំ អាជីវកម្មក្នុងឈុតប៊ីគីនី ខណៈពេលដែលបង់ប្រាក់ឲ្យខ្លួនឯង ១ លានដុល្លារ ក្នុងមួយឆ្នាំ បានដួលរលំ បន្ទាប់ពីនាងបានជំរុញ ឲ្យលោកចាកចេញពីភរិយា របស់លោកគឺ Wendy Schmidt អាយុ ៧០ ឆ្នាំ។

ត្រូវបានគេរាយការណ៍ថា អតីតនាយកប្រតិបត្តិ Google និងស្រីកំណាន់របស់លោកដែលមានអាយុតិចជាងកូនស្រីរបស់លោក ៨ ឆ្នាំ បានបញ្ចប់ទំនាក់ទំនង របស់ពួកគេកាលខែឧសភា ឆ្នាំ ២០២៤ ៕

Most Popular

To Top