ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គាំទ្រការហាមឃាត់ទាំងស្រុងលើការប្រើប្រាស់បារីអេឡិចត្រូនិច

រុស្ស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហាញការគាំទ្រចំពោះសំណើរបស់អ្នកតស៊ូមតិសុខភាពសាធារណៈ និងអ្នកតាក់តែងច្បាប់ ដើម្បីដាក់ចេញនូវការហាមឃាត់ទាំងស្រុងលើការលក់បារីអេឡិចត្រូនិចនៅទូទាំងប្រទេស។

ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលកីឡា និងអប់រំមួយក្នុងទីក្រុងសាម៉ារ៉ា កាលពីថ្ងៃព្រហស្បតិ៍ ប្រធានចលនាសាធារណៈ សុខភាពមាតុភូមិ លោកស្រី Ekaterina Leshchinskaya បានលើកឡើងពីបញ្ហានេះជាមួយប្រធានាធិបតី ដោយលើកឡើងពីឧទាហរណ៍ជោគជ័យពីប្រទេសជិតខាង និងផ្នែកផ្សេងទៀតនៃពិភពលោក។

ជាការឆ្លើយតប លោក Putin បានងក់ក្បាលយល់ព្រម ហើយបានចង្អុលបង្ហាញថា ឧបនាយករដ្ឋមន្ត្រី Dmitry Chernyshenko ក៏បានបង្ហាញការយល់ព្រមរបស់គាត់ស្រដៀងគ្នានេះដែរ។ លោកពូទីន បានមានប្រសាសន៍ថា រដ្ឋាភិបាលរបស់យើងគាំទ្ររឿងនេះ។ លោកបានបន្ថែមថា ក្រៅពីការហាមឃាត់ផ្នែកច្បាប់ កិច្ចខិតខំប្រឹងប្រែងយល់ដឹងពីសាធារណជនក៏មានសារសំខាន់ផងដែរ ជាពិសេសក្នុងចំណោមយុវជន។

យោងតាមការប៉ាន់ស្មានដែលដកស្រង់ដោយ RIA Novosti បាននិយាយថា ប្រជាជនរុស្ស៊ីចន្លោះពី ៣,៥ ទៅ ៤ លាននាក់បច្ចុប្បន្នប្រើប្រាស់បារីអេឡិចត្រូនិច។ កាលពីខែសីហា លោក Putin បានគាំទ្រគម្រោងសាកល្បងមួយក្នុងតំបន់ Nizhny Novgorod ដើម្បីសាកល្បងការហាមឃាត់ការលក់បារីអេឡិចត្រូនិចក្នុងតំបន់ ដោយគំនិតនេះត្រូវបានគាំទ្ររួចហើយដោយទីភ្នាក់ងារការពារអ្នកប្រើប្រាស់ Rospotrebnadzor៕

Most Popular

To Top