កូរ៉េខាងត្បូង៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា អតិថិជនកូរ៉េខាងត្បូងកាន់តែច្រើនឡើង កំពុងរាយការណ៍ពីបញ្ហាការ តភ្ជាប់ទូរសព្ទជាមួយ iPhone 17 ដែលបង្កើនការព្រួយបារម្ភអំពីបញ្ហាផ្នែករឹង ឬកម្មវិធីដែលអាចកើតមាន បន្ទាប់ពីដំណើរការទូរសព្ទ iPhone 17 យឺតយឺតជាង iPhone 11 ដាច់តែម្តង។
នេះបើយោងតាមការត្អូញត្អែរ បានបង្ហោះនៅលើ Reddit បាននិយាយថា រោគសញ្ញារួមមានល្បឿនអ៊ីនធើណេតយឺត និងពេលវេលាឆ្លើយតបទូរសព្ទយឺត ហើយបញ្ហានេះក៏ត្រូវបានអ្នកប្រើប្រាស់តៃវ៉ាន់ និងជប៉ុនប្រទះឃើញផងដែរ។
ចាប់តាំងពីខែតុលាមក មានការបង្ហោះជាង ២,០០០ លើកបញ្ហានេះនៅលើ Asamo ជាវេទិកាអនឡាញធំជាងគេមួយរបស់ប្រទេសកូរ៉េសម្រាប់អ្នកប្រើប្រាស់ Apple ដែលមានសមាជិកជាង ២.៤ លាននាក់។ ការបង្ហោះទាំងនោះមានចាប់ពីការវិភាគ ដែលដឹកនាំដោយអ្នកប្រើប្រាស់អំពីបញ្ហា និងការលុបចោលការបញ្ជាទិញសម្រាប់ iPhone 17 រហូតដល់ការប៉ុនប៉ងដាក់សម្ពាធលើ Apple ឲ្យមានការឆ្លើយតប ។
ក្នុងចំណោមពួកគេបានបង្ហោះ ការថតអេក្រង់នៃការធ្វើតេស្ត ping ជាឧបករណ៍វិនិច្ឆ័យបណ្តាញប្រើដើម្បីវាស់ស្ទង់ល្បឿន ដែលឧបករណ៍អាចផ្ញើសញ្ញាទៅកាន់ម៉ាស៊ីនមេ និងទទួលការឆ្លើយតប ដើម្បីបញ្ជាក់ពីភាពមិនស្ថិតស្ថេរនៃការតភ្ជាប់ទូរសព្ទ។
សមាជិកម្នាក់នៃសហគមន៍ បានបង្ហោះវីដេអូដោយអះអាងថា iPhone 11 មានពេលវេលាឆ្លើយតបលឿនជាង iPhone 17។ អ្នកប្រើប្រាស់មួយចំនួនថែមទាំងបាន លើកឡើងពីគំនិតនៃបណ្តឹងសកម្មភាពជាក្រុម ទោះបីជាមិនទាន់មានវិធានការ ផ្លូវការណាមួយត្រូវបានផ្ទៀងផ្ទាត់ក៏ដោយ។
ចំណុចវិជ្ជមានមួយបានកើតឡើង ជាមួយនឹងការដាក់ឲ្យប្រើប្រាស់ iOS 26.2 beta ដែលអ្នកប្រើប្រាស់មួយចំនួននិយាយថា បានកាត់បន្ថយបញ្ហាភាពយឺតយ៉ាវ។ ក្រុមហ៊ុន Apple កូរ៉េមិនអាចធ្វើអត្ថាធិប្បាយនៅពេលសារព័ត៌មានលើសំណើរ សុំការឆ្លើយតបរបស់ខ្លួនចំពោះបញ្ហានេះ និងមូលហេតុដែលអាចកើតមាននៅពីក្រោយវានោះទេ៕
