បរទេស៖ ទីក្រុងវ៉ាស៊ីនតោនបានផ្ទេរប្រាក់ចំនួន ៧,៥ លានដុល្លារទៅឱ្យរដ្ឋាភិបាល នៃប្រទេស Equatorial Guinea ក្រោមកិច្ចព្រមព្រៀង ទទួលយកជនមិនមែនពលរដ្ឋ ដែលត្រូវបាននិរទេស ចេញពីសហរដ្ឋអាមេរិក។ នេះបើយោងតាមសមាជិកព្រឹទ្ធសភា គណបក្សប្រជាធិបតេយ្យអាមេរិក Jeanne Shaheen ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងលិខិតផ្ញើជូនរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃច័ន្ទ សមាជិកចំណាត់ថ្នាក់នៃគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាបានកត់សម្គាល់ការបង់ប្រាក់ “មិនធម្មតា” ដល់ “រដ្ឋាភិបាលពុករលួយបំផុត មួយនៅក្នុងពិភពលោក” ។
អ្នកស្រីបាននិយាយថា ប្រវត្តិសាស្រ្តរបស់ប្រទេសអាហ្វ្រិកកណ្តាលនៃអំពើពុករលួយ និងភាពស្មុគស្មាញដែលត្រូវបានចោទប្រកាន់ក្នុងការជួញដូរមនុស្ស “បង្កើតឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងតម្លាភាពនៃប្រាក់ដុល្លារអាមេរិកអ្នកជាប់ពន្ធ”។
ការទូទាត់ដែលបានមកពីមូលនិធិសង្គ្រោះបន្ទាន់ផ្នែកចំណាកស្រុក និងជំនួយជនភៀសខ្លួនរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក គឺជា “ការផ្ទេរពីរដ្ឋាភិបាលទៅរដ្ឋាភិបាលលើកដំបូង” ពីមូលនិធិដែលមានបំណងសម្រាប់ជនភៀសខ្លួន និងវិបត្តិមនុស្សធម៌ទូទាំងពិភពលោក៕
ប្រែសម្រួលៈ ណៃ តុលា
