សិង្ហបុរី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តុលាការសិង្ហបុរី បានកាត់ទោសបុរសអូស្ត្រាលីម្នាក់ ឲ្យជាប់ពន្ធនាគារ ៩ ថ្ងៃកាលពីថ្ងៃចន្ទ ពីបទស្វែងរកការចាប់អារម្មណ៍ ទៅកាន់តារាភាពយន្តនាង Ariana Grande នៅការចាក់បញ្ចាំងលើកដំបូង នៅអាស៊ីនៃរឿង “Wicked: For Good” កាលពីសប្តាហ៍មុន ។
នាង Grande និងតារាដទៃទៀតកំពុង ចូលរួមកម្មវិធីបើក សម្ពោធខ្សែភាពយន្តនៅ Universal Studios ក្នុងរដ្ឋនេះ នៅពេលបុរសនោះ ត្រូវបានកំណត់អត្តសញ្ញាណ ដោយឯកសារតុលាការថា លោក Johnson Wen អាយុ ២៦ ឆ្នាំ បានលោតរបាំងមួយ ហើយឱបតារារូបនេះ ។ វីដេអូឃ្លីប ដែលបានរីករាលដាលយ៉ាងទូលំទូលាយតាមអ៊ីនធើណេត បង្ហាញពីបុរសនោះឱបនាង Grande ដែលភ្ញាក់ផ្អើល មុនពេលលោតឡើងចុះ ហើយគ្រវីដៃញញឹមទៅកាន់ហ្វូងមនុស្ស។
បន្ទាប់មក Cynthia Erivo ដែលជាតារាសម្តែងរួមរបស់នាង Grande បានប្រញាប់ប្រញាល់ទៅការពារនាង ហើយបុរសនោះ ត្រូវបានឆ្មាំសន្តិសុខចាប់ ហើយបោះត្រឡប់ទៅលើរបាំងវិញ។ លោក Wen ត្រូវបានចាប់ខ្លួនប៉ុន្មាន ម៉ោងក្រោយមក ហើយត្រូវបានចោទប្រកាន់ពីបទ “បង្កការរំខានដល់សាធារណជន”។
ចៅក្រមស្រុកសិង្ហបុរី លោក Christopher Goh បានមានប្រសាសន៍ថា ទង្វើនេះត្រូវបានគ្រោងទុកជាមុន មុនពេលកាត់ទោសលោក Wen រយៈពេល ៩ ថ្ងៃ។ នេះគឺទាបជាងការពិន័យអតិបរមាដែលច្បាប់បានកំណត់៖ ជាប់ពន្ធនាគារបីខែ ពិន័យជាប្រាក់ចំនួន ១,៥០០ ដុល្លារ ឬទាំង២ករណី៕
