ប៉ារីស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើលិខិតមួយ ដែលក្រោមលិខិតនោះ អ៊ុយក្រែនអាចទិញយន្តហោះចម្បាំង Rafale រហូតដល់ ១០០គ្រឿងក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ក៏ដូចជាឧបករណ៍ការពារជាតិផ្សេងទៀត។
មេដឹកនាំទាំងពីរបានជួបគ្នានៅទីក្រុងប៉ារីស។ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានឲ្យដឹងថា បារាំង និងអ៊ុយក្រែន នឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ជាពិសេសនៅក្នុងវិស័យការពារជាតិ។

ប្រធានាធិបតីបារាំងរូបនេះបានបន្ថែមថា ការគាំទ្ររបស់បារាំង ចំពោះអ៊ុយក្រែន មិនត្រឹមតែរួមបញ្ចូលជំនួយយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យស៊ីវិល និងសេដ្ឋកិច្ចផងដែរ។ ជាមួយគ្នានេះប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា លោកបានចុះហត្ថលេខាលើលិខិតជាមួយសមភាគីបារាំងរបស់លោក ដើម្បីទិញយន្តហោះចម្បាំង Rafale F4 របស់បារាំងចំនួន ១០០គ្រឿង នៅត្រឹមឆ្នាំ២០៣៥។
លិខិតនោះ ដែលចុះហត្ថលេខាដោយលោក ហ្សេឡិនស្គី និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅទីក្រុងប៉ារីស គ្របដណ្តប់លើការបញ្ជាទិញប្រព័ន្ធការពារដែនអាកាស SAMP/T រ៉ាដាការពារដែនអាកាស មីស៊ីលវាយប្រហារពីអាកាសទៅអាកាស និងគ្រាប់បែកវាយប្រហារតាមអាកាសផងដែរ។
លើសពីនេះ អ៊ុយក្រែន និងបារាំង បានយល់ព្រមចាប់ផ្តើមគម្រោងការពារជាតិរួមគ្នានៅឆ្នាំនេះ រួមទាំងការផលិតរួមគ្នានៃយន្តហោះគ្មានមនុស្សបើកស្ទាក់ចាប់ផងដែរ។ លោក ម៉ាក្រុង បានលើកឡើងថា “ទោះបីជាសន្តិភាពត្រូវបានចុះហត្ថលេខានៅថ្ងៃស្អែកក៏ដោយ ក៏វានៅតែមានសារៈសំខាន់ ពីព្រោះការធានានៃសន្តិភាពនោះ គឺកងទ័ពអ៊ុយក្រែនដ៏រឹងមាំមួយ ដែលអាចរក្សាជំហររបស់ខ្លួនបាន”៕
ប្រែសម្រួល ឈូក បូរ៉ា
