ព័ត៌មានអន្តរជាតិ

ប្រទេសសិង្ហបុរីព្រមាន អំពីផលិតផលឱសថអាហារបំប៉ន HW Beauty ដែលមានគ្រឿងផ្សំអាចបណ្តាលឲ្យខូចតម្រងនោម

សិង្ហបុរី៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា និយតករផលិតផលសុខភាព របស់ប្រទេសសិង្ហបុរីបានព្រមានអ្នកប្រើប្រាស់ កុំឲ្យប្រើប្រាស់អាហារបំប៉នឱសថ “HW Beauty Serbuk Campuran Kurma, Madu & Limau Kasturi” ដែលមានគ្រឿងផ្សំ អាចបណ្តាលឲ្យខូចតម្រងនោមស្រួចស្រាវ និងផលប៉ះពាល់ធ្ងន់ធ្ងរផ្សេងទៀត។

អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល បាននិយាយកាលពីថ្ងៃពុធថា ផលិតផលឱសថនេះត្រូវបានគេ រកឃើញថាមានផ្ទុកស្តេរ៉ូអ៊ីតដ៏មានឥទ្ធិពលពីរគឺ dexamethasone និង prednisolone និងថ្នាំបំបាត់ការឈឺចាប់ប្រឆាំងនឹងការរលាក diclofenac ដែលទាំងអស់នេះគួរតែត្រូវ បានប្រើប្រាស់ក្រោមការ ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរបស់គ្រូពេទ្យ។

ថ្នាំស្តេរ៉ូអ៊ីត ជាធម្មតាត្រូវបានចេញវេជ្ជបញ្ជាសម្រាប់ជំងឺរលាក អាចបង្កើនកម្រិតជាតិស្ករក្នុងឈាម ដែលអាចនាំឲ្យកើតជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺភ្នែកឡើងបាយ និងជំងឺសាច់ដុំ និងឆ្អឹងដូចជាជំងឺពុកឆ្អឹងជាដើម។

ថ្នាំបំបាត់ការឈឺចាប់ ប្រសិនបើប្រើប្រាស់ក្នុងរយៈពេលយូរ អាចបណ្តាលឲ្យ មានការហូរឈាមក្រពះធ្ងន់ធ្ងរ និងបញ្ហាសរសៃឈាមបេះដូង ដូចជាគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ វាក៏អាចធ្វើឲ្យមុខងារតម្រងនោម កាន់តែអាក្រក់ទៅៗចំពោះអ្នកជំងឺដែលមានបញ្ហាតម្រងនោមដែលមានស្រាប់ និងបង្កើនហានិភ័យនៃការឆ្លងមេរោគ និងរោគសញ្ញា Cushing។

យោងតាមកាសែត The Straits Times បាននិយាយថា អាជ្ញាធរគ្រប់គ្រងបានទទួល របាយការណ៍ អំពីបុគ្គលដែលបានវិវត្តទៅជារបួសតម្រងនោមស្រួចស្រាវ និងរោគសញ្ញា Cushing បន្ទាប់ពីប្រើប្រាស់ផលិតផលនេះ។ អ្នកជំងឺ ២ នាក់ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យក្នុងខែវិច្ឆិកា ប៉ុន្តែត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

អ្នកស្រុកម្នាក់ដែលបានប្រើប្រាស់ ផលិតផលនេះប្រហែលមួយខែបានប្រាប់ Stomp ថា ទោះបីជាវាហាក់ដូចជាមាន ប្រសិទ្ធភាពក៏ដោយ គាត់បានជួបប្រទះផលប៉ះពាល់អវិជ្ជមាន បន្ទាប់ពីឈប់ប្រើប្រាស់៕

Most Popular

To Top