បរទេស៖យោងតាមការចេញផ្សាយរបស់ RT សហគ្រិនអាមេរិកដ៏ល្បីល្បាញ លោក Elon Musk បានលើកឡើងថា ភាពជឿនលឿននៃបញ្ញាសិប្បនិមិត្ត និងមនុស្សយន្តអាចធ្វើឱ្យជម្រើស ធ្វើការជាជាងភាពចាំបាច់ក្នុងទសវត្សរ៍ខាងមុខ។
មហាសេដ្ឋីរូបនេះបានធ្វើការទស្សន៍ទាយយ៉ាង លំអិតនៅឯវេទិកាវិនិយោគអាមេរិក-អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលពិភាក្សាជាក្រុម អំពីផលប៉ះពាល់រយៈពេលវែងនៃមនុស្សយន្ត និង AI លើកម្លាំងពលកម្ម។
លោកMusk បាននិយាយថា ៖ ខ្ញុំមិនច្បាស់នៅឡើយទេថាតើរយៈពេលវែងគឺជាអ្វីទេ ប្រហែលជា ១០ទៅ២០ ឆ្នាំឬអ្វីមួយដូចនោះ ។ ការទស្សន៍ទាយរបស់ខ្ញុំគឺថា ការងារនឹងជាជម្រើសសម្រាប់គ្រប់គ្នា។
លោកបានបន្តថា ការងារនៅថ្ងៃអនាគតនឹងមានអារម្មណ៍ថា ជាចំណូលចិត្តច្រើនជាងការតម្រូវ ការដែលមនុស្សមួយចំនួនជ្រើសរើសដាំបន្លែនៅក្នុងសួនក្រោយផ្ទះជាជាងទិញនៅផ្សារទំនើប។
គាត់បាននិយាយទៀតថា៖ វានឹងដូចជាការលេងកីឡា ឬវីដេអូហ្គេម ឬអ្វីមួយបែបនោះដែរ។
លោកMusk ក៏បានអះអាងដែរថា នាពេលអនាគតដែលគ្រប់គ្រងដោយ AI និងមនុស្សយន្តកម្រិតខ្ពស់ តម្លៃនៃលុយអាចបាត់បង់អត្ថន័យរបស់វា។ លោកបានថ្លែងថា៖ខ្ញុំគិតថានៅពេលមួយរូបិយប័ណ្ណក្លាយទៅជារឿងដែលមិនពាក់ព័ន្ធគ្នា។
ទោះយ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថា នៅមាន ការងារជាច្រើនផ្សេងទៀត ដែលនៅសេសសល់ មុនពេលដែលបច្ចេកវិទ្យា និងសង្គមឈានដល់អ្វី ដែលជិតដល់អនាគតទាំងនោះ៕
ប្រែសម្រួល៖ស៊ុនលី
