វ៉ាស៊ីនតោន ៖ មជ្ឈមណ្ឌល Kennedy បាននិយាយ កាលពីថ្ងៃសុក្រថា ខ្លួនកំពុងទទួលបានទឹកប្រាក់ចំនួន ៧,៤ លានដុល្លារ ដើម្បីរៀបចំការចាប់ឆ្នោតសម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់កម្រិតពិភពលោក ឆ្នាំ២០២៦ “World Cup” នៅទីកន្លែងសិល្បៈសម្តែងនៅថ្ងៃទី ៥ ខែធ្នូ យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today។
នេះបើតាមលោកស្រី Roma Daravi អនុប្រធានទំនាក់ទំនងសាធារណៈនៃមជ្ឈមណ្ឌល Kennedy បានប្រាប់ The Associated Press បានបន្តថា FIFA កំពុងបរិច្ចាគប្រាក់ចំនួន ២,៤ លានដុល្លារដល់មជ្ឈមណ្ឌល Kennedy ខណៈខ្លួនកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏ធំបំផុតមួយក្នុងវិស័យកីឡា ។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកក៏បានផ្តល់ឲ្យយើងនូវឱកាសឧបត្ថម្ភដាច់ដោយឡែកពីការប្តេជ្ញាចិត្តរបស់ពួកគេសម្រាប់ប្រាក់បន្ថែមចំនួន ៥ លានដុល្លារដែរ។
លោកស្រី Daravi បានបន្ថែមថា នៅពេលអ្នកក្រឡេកមើលរូបភាពពេញលេញ វាមានចំនួនសរុប ៧,៤ លានដុល្លារដល់មជ្ឈមណ្ឌល Kennedy បូករួមទាំងការចំណាយដែលបានកើតឡើង។
លោកសមាជិកព្រឹទ្ធសភា Sheldon Whitehouse ជាសមាជិកកំពូលនៃគណៈកម្មាធិការបរិស្ថាន និងកិច្ចការសាធារណៈរបស់គណបក្សប្រជាធិបតេយ្យ បានចេញផ្សាយឯកសារកាលពីថ្ងៃព្រហស្បតិ៍ បង្ហាញថា តួលេខទាំងនេះ ដែលមិនធ្លាប់ត្រូវបានរាយការណ៍ពីមុនមក បានលេចចេញជាសាធារណៈ នៅពេលសមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យសួរអំពីការចំណាយ និងការអនុវត្តការគ្រប់គ្រងដោយថ្នាក់ដឹកនាំមជ្ឈមណ្ឌល Kennedy។ មជ្ឈមណ្ឌល Kennedy បានចូលទៅក្នុងកិច្ចព្រមព្រៀងមួយដែលផ្តល់សិទ្ធិឲ្យ FIFA ប្រើប្រាស់កន្លែងនេះផ្តាច់មុខចាប់ពីថ្ងៃទី ២៤ ខែវិច្ឆិកា ដល់ថ្ងៃទី ១២ ខែធ្នូ ដោយមិនគិតថ្លៃ ដោយអះអាងថា ទីកន្លែងនេះប្រឈមនឹងហានិភ័យនៃការខាតបង់ប្រាក់ចំណូលរាប់លានដុល្លារ ដោយសារតែការរៀបចំនេះ។
ឆ្លើយតបទៅនឹងគណៈកម្មាធិការនៅក្នុងលិខិតមួយ និងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Richard Grenell ប្រធានមជ្ឈមណ្ឌល Kennedy បាននិយាយថា FIFA បានចំណាយប្រាក់ជាច្រើនលានដុល្លារជាអ្នកឧបត្ថម្ភ ជំនួសឲ្យការចូលរួមក្នុងកិច្ចព្រមព្រៀងជួលបែបប្រពៃណី។ លោកបានបន្ថែមថា FIFA កំពុងចំណាយសម្រាប់ការចំណាយទាំងអស់ដែលទាក់ទងនឹងព្រឹត្តិការណ៍នេះ។
ជាទូទៅ គណបក្សប្រជាធិបតេយ្យបានព្យាយាមពណ៌នាអំពីការចំណាយខ្ជះខ្ជាយដោយការគ្រប់គ្រងទីកន្លែង រួមទាំងប្រាក់រាប់ពាន់ដុល្លារដែលបានចំណាយលើអាហារ ស្រាសំប៉ាញ និងភេសជ្ជៈផ្សេងទៀត រួមជាមួយនឹងបន្ទប់សណ្ឋាគារ។ លោក Whitehouse បានកំណត់គោលដៅថវិកាចំនួន ១០,៧៧៣,១៩ ដុល្លារដែលចំណាយដោយថ្នាក់ដឹកនាំមជ្ឈមណ្ឌល Kennedy ចន្លោះថ្ងៃទី ១៧ ខែមេសា ដល់ថ្ងៃទី ២ ខែកក្កដា លើអាហារថ្ងៃត្រង់ អាហារពេលល្ងាច និងការទិញគ្រឿងស្រវឹងឯកជន ដែលលោកបាននិយាយថា មិនទាក់ទងនឹងតម្រូវការរៃអង្គាសថវិកានោះទេ ៕
