អេហ្ស៊ីប ៖ ប្រធានអង្គការមិនរកប្រាក់ចំណេញ អន្តរជាតិមួយបាននិយាយថា មេរៀនហែលទឹក បានជួយកាត់បន្ថយ ការស្លាប់ដោយសារការលង់ទឹក របស់កុមារជាមធ្យម ៥-៧ភាករយ ក្នុងមួយឆ្នាំក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
លោកស្រី Doan Thu Huyen នាយកប្រចាំប្រទេស នៃយុទ្ធនាការ សម្រាប់កុមារដែលគ្មានថ្នាំជក់ បានថ្លែងអំពីវឌ្ឍនភាព របស់ប្រទេសវៀតណាម ក្នុងសន្និសីទបង្ការការលង់ទឹកពិភពលោក ដែលបានធ្វើឡើង នៅប្រទេសអេហ្ស៊ីបនៅថ្ងៃទី ២១ ខែវិច្ឆិកា។
ក្រសួងសុខាភិបាលវៀតណាមធ្លាប់រាយការណ៍ពីការស្លាប់ ដោយសារការលង់ទឹករបស់កុមារជាង ៣,០០០ នាក់ជារៀងរាល់ឆ្នាំមុនឆ្នាំ ២០១៥ ហើយចំនួននោះបានធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះដល់ប្រហែល ២,០០០ នាក់។
លោកស្រី Huyen បានបន្តថា ការធ្លាក់ចុះជាលំដាប់នៃការស្លាប់ ដោយសារការលង់ទឹកឆ្លុះបញ្ចាំងពីផលប៉ះពាល់វិជ្ជមាននៃកម្មវិធីអន្តរាគមន៍ដែលបានអនុវត្តក្នុងរយៈពេល ៧ ឆ្នាំកន្លងមក។
ប្រទេសវៀតណាមបានដាក់ឲ្យដំណើរការកម្មវិធីបង្ការ ការលង់ទឹក របស់កុមារក្នុងឆ្នាំ ២០១៨ ដោយមានការគាំទ្រពី Bloomberg Philanthropies ដោយ ផ្តល់មេរៀនហែលទឹក និង ការបណ្តុះបណ្តាលសុវត្ថិភាព ទឹកជាមូលដ្ឋានដល់កុមារ នៅក្នុងខេត្តដុងថាប អានយ៉ាង ថៃង្វៀន ថាញ់ហ័រ ក្វាងទ្រី និងទីក្រុងដាណាង។
ដំបូងឡើយ កម្មវិធីនេះផ្តោតលើកុមារចំនួន ៥០.០០០ នាក់ ប៉ុន្តែនៅឆ្នាំ ២០២៥ មានមនុស្សជាង ៦៣.០០០ នាក់ត្រូវបានគេរំពឹងថា នឹងទទួលបានមេរៀនហែលទឹកដោយឥតគិតថ្លៃ និងជាង ៨០.០០០ នាក់ ត្រូវបានបណ្តុះបណ្តាល ជំនាញសុវត្ថិភាពទឹក។ កម្មវិធីនេះធ្វើឲ្យ ភាគរយនៃកុមារ ដែលអាចហែលទឹកបានកើនឡើងពី ១៤ ភាគរយដល់ជាង ៣២ភាគរយ ហើយការស្លាប់ដោយសារលង់ទឹកបានថយចុះ ១៦ភាគរយ៕
