វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា និស្សិតសាកលវិទ្យាល័យ ជនជាតិវៀតណាមអាយុ ១៩ ឆ្នាំម្នាក់ដែលរស់នៅទីក្រុងហាណូយ បានដួលប្រកាច់ និងសន្លប់ ដោយសារជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ បន្ទាប់ពីជក់បារីអេឡិចត្រូនិចតែប៉ុន្មានដងជាមួយមិត្តភក្តិ។
លោកវេជ្ជបណ្ឌិត Nguyen Trung Nguyen នាយកមជ្ឈមណ្ឌលត្រួតពិនិត្យថ្នាំពុល នៅមន្ទីរពេទ្យ Bach Mai ដែលជាមន្ទីរពេទ្យធំមួយ ក្នុងទីក្រុងហាណូយ បានរាយការណ៍ កាលពីដើមសប្តាហ៍នេះថា អ្នកជំងឺត្រូវបានផ្ទេរពីមន្ទីរ ពេទ្យកម្រិតទាបមួយក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលត្រូវការខ្យល់ចេញចូលភ្លាមៗ និងប្រើថ្នាំងងុយគេង។
បុគ្គលិកពេទ្យបានធ្វើរោគវិនិច្ឆ័យថា និស្សិតរូបនេះមានការពុលស្រួចស្រាវទាក់ទងនឹងការប្រើប្រាស់បារីអេឡិចត្រូនិច។ ស្ថានភាពអ្នកជំងឺកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស។ ត្រឹមតែជាងមួយថ្ងៃបន្ទាប់ពីត្រូវបានផ្តាច់ចេញពីម៉ាស៊ីនជំនួយដង្ហើម និងដឹងខ្លួនឡើងវិញ គាត់បានវិវត្តទៅជាខ្សោយតម្រងនោមធ្ងន់ធ្ងរ។
៣ ថ្ងៃបន្ទាប់ពីចូលមន្ទីរពេទ្យ យុវជនរូបនេះ អាចទំនាក់ទំនងបាន ប៉ុន្តែមុខងារតម្រងនោមរបស់គាត់ នៅតែចុះខ្សោយយ៉ាងខ្លាំង។ គាត់ក៏បានបង្ហាញរោគសញ្ញា សុខភាពផ្លូវចិត្តសំខាន់ៗផងដែរ រួមទាំងការថប់បារម្ភ ភាពតានតឹងខ្លាំង និងការបាត់បង់ការចងចាំ ។ ដោយសារអ្នកជំងឺ មិនមានឧបករណ៍នេះជាមួយគាត់ គ្រូពេទ្យមិនអាចកំណត់អត្តសញ្ញាណជាតិ ពុលជាក់លាក់ដែលបង្ក ឲ្យមានបញ្ហានេះបានទេ។
លោកវេជ្ជបណ្ឌិត Nguyen បានកត់សម្គាល់ថា កាលពីអតីតកាល ករណីពុលបារីអេឡិចត្រូនិច ភាគច្រើនបណ្តាលឲ្យខូចខាត ខួរក្បាល តែប៉ុណ្ណោះ ប៉ុន្តែថ្មីៗនេះ យើងបានឃើញករណីជាច្រើន ដែលមានផលវិបាកធ្ងន់ធ្ងរ ដល់តម្រងនោម។
បច្ចុប្បន្ននេះ មិនមានថ្នាំបន្សាបជាក់លាក់ណាមួយ សម្រាប់សារធាតុគីមីសំយោគ ដែលតែងតែត្រូវបានរកឃើញ ក្នុងសារធាតុរាវបារីអេឡិចត្រូនិចនោះទេ។ ការព្យាបាលផ្តោតជាចម្បងលើការថែទាំរោគសញ្ញា រួមទាំងការគាំទ្រផ្លូវដង្ហើម និងឈាមរត់ ការបន្សាបជាតិពុលមិនជាក់លាក់ និងការកែតម្រូវអតុល្យភាពមេតាប៉ូលីស៕
