ព័ត៌មានអន្តរជាតិ

បុរសអាយុ ៥៣ ឆ្នាំម្នាក់ ត្រូវឃុំខ្លួន នៅប្រទេសអាល្លឺម៉ង់ បន្ទាប់ពីលោកលាក់ទុកត្បូង ក្នុងកាបូបយួរដៃរបស់លោក

អាល្លឺម៉ង់ ៖ នេះបើយោងតាមរបាយការណ៍ របស់សេវាគយអាល្លឺម៉ង់កាលពីថ្ងៃសុក្រ បាននិយាយថា មន្ត្រីគយនៅអាកាសយានដ្ឋាន Frankfurt am Main ប្រទេសអាល្លឺម៉ង់ បានរឹបអូសពេជ្រចំនួន ១១,២៧៦ គ្រាប់មិនបានប្រកាសពីអ្នកដំណើរម្នាក់ ដែលមកពីប្រទេសអង់ហ្គោឡា យោងតាមការចេញផ្សាយពីគេហទំព័រ RT ។

បុរសអាយុ ៥៣ ឆ្នាំរូបនេះ ដែលអត្តសញ្ញាណរបស់លោកមិនត្រូវបានបង្ហាញ ត្រូវបានឃុំខ្លួន បន្ទាប់ពីមិនបានប្រកាសការដឹកជញ្ជូនពេជ្រមិនទាន់កាត់។ លោកក៏ខ្វះវិញ្ញាបនបត្រចាំបាច់ សម្រាប់ការដឹកជញ្ជូនត្បូងមានតម្លៃទៀតផង។

យោងតាមសេវាគយអាល្លឺម៉ង់បាននិយាយថា ពេជ្រទាំងនោះត្រូវបានរកឃើញក្នុងអំឡុងពេលត្រួតពិនិត្យសន្តិសុខ អាកាសចរណ៍ជាប្រចាំ។ អាជ្ញាធរបានរាយការណ៍ថា បុរសដែលធ្វើដំណើរមកពីប្រទេស អង់ហ្គោឡាបានលាក់ពេជ្រនៅបាតក្លែងក្លាយ នៃវ៉ាលីសរបស់លោកទុកក្នុងកាបូបចំនួន២។

សេវាកម្មគយបានបញ្ជាក់ថា តម្លៃពេជ្រមិនទាន់ត្រូវបានកំណត់នៅឡើយទេ ហើយនឹងត្រូវបានបង្កើតឡើងបន្ទាប់ពីការវាយតម្លៃរបស់អ្នកជំនាញ។ ទីភ្នាក់ងារនេះបានប្រកាសថា  ឥឡូវនេះគាត់នឹងត្រូវឆ្លើយបំភ្លឺ ចំពោះការរំលោភលើច្បាប់ពាណិជ្ជកម្មបរទេស។ លើសពីនេះគាត់ត្រូវបានចោទ ប្រកាន់ពីបទគេចវេសពន្ធ នាំចូលលើពេជ្រមិនទាន់កាត់ដែលរត់ពន្ធ ។ ការស៊ើបអង្កេតលើករណីនេះកំពុងដំណើរការ។
យោងតាមទិន្នន័យឧស្សាហកម្មបានបញ្ជាក់ថា ប្រទេសអង់ហ្គោឡា គឺជាប្រទេសផលិតពេជ្រធំ ជាងគេមួយរបស់ទ្វីបអាហ្វ្រិក និងជាប្រភពពេជ្រឆៅកំពូលៗ របស់ពិភពលោក ដោយសម្រេចបានទិន្នផលពេជ្រឆៅប្រហែល ១៤ លានការ៉ាត់ក្នុងឆ្នាំ ២០២៤។ នៅឆ្នាំ ២០២៥ ផលិតកម្មមានប្រហែល ១០,៧ លានការ៉ាត់នៅខែកញ្ញា ដោយអាជ្ញាធរ កំណត់គោលដៅជិត ១៤,៨ លានការ៉ាត់ សម្រាប់រយៈពេលមួយឆ្នាំពេញ៕

Most Popular

To Top