ហុងកុង៖យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ ឲ្យដឹងថា គយហុងកុងបានបង្ក្រាប ប្រតិបត្តិការរត់ពន្ធគ្រឿងញៀន ជាលើកដំបូង ដែលបានលាក់គ្រឿងញៀន ក្នុងបន្ទប់ក្រោមទឹកនៃកប៉ាល់ដឹកទំនិញធំមួយ ដោយរឹបអូសកូកាអ៊ីន ដែលសង្ស័យថា មានតម្លៃ ២៥៦ លានដុល្លារហុងកុង (៣៣ លានដុល្លារអាមេរិក)។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន មួយកាលពីថ្ងៃអង្គារ បាននិយាយថា មន្ត្រី និងមនុស្សយន្តក្រោមទឹក កាលពីខែមុន បានរកឃើញកញ្ចប់កូកាអ៊ីនចំនួន ១១ កញ្ចប់មានទម្ងន់ប្រហែល ៤១៧ គីឡូក្រាម ក្នុងប្រអប់សមុទ្រ របស់កប៉ាល់ ជាបន្ទប់មួយ ដែលមានទីតាំងស្ថិតនៅជម្រៅ ១១ ម៉ែត្រក្រោមនីវ៉ូទឹកសមុទ្រ។ ប្រអប់សមុទ្រគឺជារចនាសម្ព័ន្ធ មួយត្រូវបានសាងសង់ ក្នុងតួកប៉ាល់ដែលទាញទឹកសមុទ្រចូលដើម្បីធ្វើ្យម៉ាស៊ីនត្រជាក់ និងគាំទ្រប្រព័ន្ធផ្សេងទៀតនៅលើកប៉ាល់។
South China Morning Post បានដកស្រង់ សម្តីលោក Lau Yuk-lung ប្រធានការិយាល័យស៊ើប អង្កេតគ្រឿងញៀន របស់គយថា ការលាក់គ្រឿងញៀន នៅក្រោមកប៉ាល់គឺកម្រមានណាស់។ យើងមិនបដិសេធលទ្ធភាព ដែលមានតែអ្នកមុជទឹក អាជីពប៉ុណ្ណោះ ដែលអាចចូលទៅកាន់ទីតាំងនោះបាន ព្រោះគ្មានមនុស្សធម្មតាណាម្នាក់ អាចចូលបាននោះទេ។
លោកបានបន្តថា នាវាដែលមានបណ្តោយ ៣៣៣ ម៉ែត្រ និងទទឹង ៤៨ ម៉ែត្រនេះបានចេញដំណើរពីប្រទេសប្រេស៊ីល បានឈប់នៅប្រទេសសិង្ហបុរី និង បានមកដល់ទីក្រុងហុងកុងនៅថ្ងៃទី៤ ខែវិច្ឆិកា ហើយត្រូវបានគ្រោងបន្ត ទៅកាន់ទីក្រុងសៀងហៃ និងទីក្រុងនីងបូ។
លោក Lau បានបន្ថែមថា យើងមិនបដិសេធលទ្ធភាព ដែលក្រុមនេះមានគម្រោង ប្រើប្រាស់នាវានេះ ជាកន្លែងផ្ទុកគ្រឿងញៀនដ៏ធំមួយ និងចែកចាយគ្រឿងញៀនទៅកាន់ទីតាំងផ្សេងៗគ្នានោះទេ។ យើងបានកាត់បន្ថយគ្រឿងញៀន មួយបាច់ទាំងមូលដោយជោគជ័យ”។
ប្រភពព័ត៌មានបាននិយាយថា សមាជិកនាវិកពីរនាក់ អាយុ ៤៥ ឆ្នាំ និង៣៧ ឆ្នាំ ត្រូវបានចាប់ខ្លួន ហើយក្រោយមក ត្រូវបានដោះលែង ឲ្យនៅក្រៅឃុំរង់ចាំការស៊ើបអង្កេតបន្ថែម។ អ្នកទាំងពីរជាជនជាតិឥណ្ឌា។
លោក Lo បាននិយាយថា នេះជាលើកដំបូង ដែលមនុស្សយន្តក្រោមទឹក បានជួយបំបែកសំណុំរឿងមួយដោយជោគជ័យ ដោយកត់សម្គាល់ពីប្រសិទ្ធភាពរបស់ពួកគេក្នុងការប្រតិបត្តិការនៅក្នុងចំណោមចរន្តទឹកដ៏ខ្លាំង។
ក្រោមច្បាប់ហុងកុង ការជួញដូរគ្រឿងញៀន ដ៏គ្រោះថ្នាក់មានការពិន័យ ជាប្រាក់អតិបរមាប្រហែល ៦៤៣,000 ដុល្លារ និងជាប់ពន្ធនាគារអស់មួយជីវិត នៅពេលមានការកាត់ទោស ៕
