ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនមេ Google ទិញយកក្រុមហ៊ុនឯកទេស ថាមពលមជ្ឈមណ្ឌលទិន្នន័យតម្លៃ ៤,៧៥ ពាន់លានដុល្លារ ដើម្បីជួយផ្តល់ថាមពលដល់ AI

រដ្ឋកាលីហ្វ័រញ៉ា ៖ ក្រុមហ៊ុនមេរបស់ Google កាលពីថ្ងៃចន្ទ បានប្រកាសពីកិច្ចព្រមព្រៀងមួយដើម្បីទិញយកក្រុមហ៊ុន Intersect ជាអ្នកឯកទេសថាមពល មជ្ឈមណ្ឌល ទិន្នន័យក្នុងតម្លៃ ៤,៧៥ ពាន់លានដុល្លារ ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីធានាបាននូវបរិមាណអគ្គិសនី ដ៏ច្រើនដែលត្រូវការ ដើម្បីផ្តល់ថាមពលដល់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

ក្រុមហ៊ុន Alphabet ពឹងផ្អែកលើម៉ាស៊ីនស្វែងរករបស់ Google និងសេវាកម្មអនឡាញផ្សេងទៀតសម្រាប់ប្រាក់ចំណូលភាគច្រើនរបស់ខ្លួន កំពុងទិញយកក្រុមហ៊ុន Intersect ទាំងស្រុង បន្ទាប់ពីបានទិញភាគហ៊ុនក្នុងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ កាលពីមួយឆ្នាំមុន។ ក្រុមហ៊ុន Intersect ពីមុនបានរៃអង្គាសប្រាក់បានចំនួន ២,១ ពាន់លានដុល្លារពី Google និងវិនិយោគិនដំបូងៗផ្សេងទៀត។

បន្ទាប់ពីការទិញយកត្រូវបានបញ្ចប់ក្នុងអំឡុងឆមាសទីមួយ នៃឆ្នាំក្រោយ ក្រុមហ៊ុន Alphabet មានបំណងធ្វើឲ្យ Intersect ដំណើរការដោយឯករាជ្យ ខណៈបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីធានាបាននូវប្រភពថាមពល ត្រូវការសម្រាប់មជ្ឈមណ្ឌលទិន្នន័យដ៏ធំ កំពុងត្រូវបានសាងសង់ ដើម្បីផ្តល់ថាមពលដល់សេវាកម្ម AI ដាក់ឲ្យដំណើរការពី Google និងគូប្រជែងដូចជា OpenAI ។

មជ្ឈមណ្ឌលទិន្នន័យ ដែលស្រេកឃ្លានថាមពល កំពុងត្រូវបានគេប្រដូចទៅនឹងរោងចក្រ AI កំពុងជំរុញឲ្យមានប្រតិកម្មតបវិញនៅក្នុងសហគមន៍នានា ជាកន្លែងដែលអ្នកស្រុក បានបកស្រាយ ពីវិក្កយបត្រអគ្គិសនីដែលកើនឡើងជាលំដាប់របស់ពួកគេថា ជាភស្តុតាង បង្ហាញថា ពួកគេជួយទ្រទ្រង់ការរីកចម្រើន នៃបច្ចេកវិទ្យាដែលនៅតែអាចដួលរលំ។

ក្រុមហ៊ុន Intersect ផ្តោតលើការស្វែងរកវិធីដើម្បីបង្កើន និងធ្វើពិពិធកម្មការផ្គត់ផ្គង់ថាមពលក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាថ្លៃដើមថាមពលឱ្យនៅទាប។ ក្រុមហ៊ុននេះកំពុងធ្វើការលើ មជ្ឈមណ្ឌលទិន្នន័យសម្រាប់ក្រុមហ៊ុន Alphabet ដែលមានមូលដ្ឋាននៅ Mountain View រដ្ឋ California ក្នុងស្រុក Haskell រដ្ឋ Texas។

ការឈានចូលរបស់ Google ជាមួយ AI បានជួយបង្កើនតម្លៃភាគហ៊ុនរបស់ Alphabet ជាង ៦០ ភាគរយ រហូតមកដល់ពេលនេះនៅឆ្នាំនេះ ដោយបង្កើតទ្រព្យសម្បត្តិភាគទុនិកបន្ថែមចំនួន ១.៤ ពាន់ពាន់លានដុល្លារ៕

Most Popular

To Top