វៀតណាម ៖ អាជ្ញាធរវៀតណាម បាននិយាយថា ត្រីគុយទាវកក “Noodlefish” ដែលមានទម្ងន់ជាង ១០ តោននាំចូលពីប្រទេសចិន និងរក្សាទុកជាមួយ សាធាតុហ្វ័រម៉ាល់ឌីអ៊ីត ជាសារធាតុគីមីពុល ដែលត្រូវបានហាមឃាត់ ក្នុងអាហារ ត្រូវបានរឹបអូសដោយប៉ូលីស នៅកណ្តាលប្រទេសវៀតណាម យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។
ប៉ូលីសបាននិយាយនៅថ្ងៃទី ២៣ ខែធ្នូថា ការដឹកជញ្ជូននេះត្រូវបានស្ទាក់ចាប់ ខណៈកំពុងដឹកជញ្ជូនពីខេត្ត Lang Son ដែលមានព្រំប្រទល់ជាប់ប្រទេសចិនទៅកាន់ខេត្តជាច្រើន សម្រាប់ចែកចាយទៅកាន់ភោជនីយដ្ឋាន។
ប៉ូលីសបាននិយាយថា រ៉ឺម៉ក ត្រូវបានគេរកឃើញថា ផ្ទុកប្រអប់ត្រីគុយទាវរាប់រយប្រអប់។ អ្នកស៊ើបអង្កេតបានកំណត់ថា ទំនិញត្រូវបាននាំចូលពីប្រទេសចិនតាមរយៈច្រកទ្វារ ព្រំដែនអន្តរជាតិ Huu Nghi ក្នុង Lang Son ហើយកំពុងត្រូវបាន ដឹកជញ្ជូនទៅឲ្យពាណិជ្ជករ អាហារសមុទ្រនៅទូទាំងខេត្តជាច្រើននៅកណ្តាលប្រទេសវៀតណាម។
ប៉ូលីសបានបន្តថា នៅពេលរថយន្តត្រូវបានបញ្ឈប់ ត្រីជាង ២ តោនត្រូវបានដឹកជញ្ជូនទៅឲ្យពាណិជ្ជករ ៣ នាក់នៅទីក្រុងឆ្នេរសមុទ្រ Sam Son ខេត្ត Thanh Hoa ។ ការត្រួតពិនិត្យជាបន្តបន្ទាប់ នៅកន្លែងទទួលទំនិញ បាននាំឲ្យមានការរឹបអូសត្រីកកបន្ថែម ធ្វើឲ្យបរិមាណសរុប ដែលរឹបអូសក្នុងករណីនេះ ឡើងដល់ជាង ១០ តោន។
គំរូត្រូវបានបញ្ជូនទៅធ្វើតេស្តនៅវិទ្យាស្ថានជាតិសុវត្ថិភាព និងអនាម័យចំណីអាហារ ក្រោមក្រសួងសុខាភិបាល។ លទ្ធផលតេស្តបានបង្ហាញថា គំរូទាំងអស់មានផ្ទុកសារធាតុហ្វ័រម៉ាល់ឌីអ៊ីត ក្នុងកំហាប់ចាប់ពី ៩០ ទៅ ១០៥ មីលីក្រាមក្នុងមួយគីឡូក្រាម។
អាជ្ញាធរសុខាភិបាលព្រមានថា សារធាតុហ្វ័រម៉ាល់ឌីអ៊ីតគឺជាសារធាតុគីមីឧ ស្សាហកម្មដែលមានជាតិពុលខ្ពស់ ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងក្នុងការកែច្នៃ និងរក្សាទុកចំណីអាហារ។ ការទទួលទានអាហារដែលមានផ្ទុកសារធាតុ ហ្វ័រម៉ាល់ឌីអ៊ីតអាចបណ្តាលឲ្យខូចខាតដល់បំពង់រំលាយអាហារ ដំបៅក្រពះ រលាកបំពង់អាហារ និងហានិភ័យសុខភាពធ្ងន់ធ្ងរផ្សេងទៀត៕
