បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ការរឹតបន្តឹងទិដ្ឋាការរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបមួយចំនួន ស្មើនឹង “ការបំភិតបំភ័យ និងការបង្ខិតបង្ខំ” ក្នុងគោលបំណងធ្វើឱ្យខូចដល់គោលនយោបាយ និងអធិបតេយ្យភាពឌីជីថលរបស់ប្លុកនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃអង្គារ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដាក់ទណ្ឌកម្មថ្មីលើលោក Thierry Breton ដែលជាអតីតស្នងការអឺរ៉ុបសម្រាប់ទីផ្សារផ្ទៃក្នុងដែលត្រូវបានតែងតាំងដោយលោក Macron ផ្ទាល់ និងមន្ត្រីបួននាក់ផ្សេងទៀតលើអ្វីដែលខ្លួនបានពិពណ៌នាថា ជា “កិច្ចខិតខំប្រឹងប្រែងដើម្បីបង្ខិតបង្ខំវេទិកាអាមេរិកដើម្បីដាក់ទណ្ឌកម្មទស្សនៈអាមេរិកដែលពួកគេប្រឆាំង” ។
ចំណុចស្នូលនៃជម្លោះគឺច្បាប់ទីផ្សារឌីជីថល និងច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុប ដែលកំណត់កាតព្វកិច្ចប្រកួតប្រជែងដ៏តឹងរ៉ឹង និងតម្លាភាពនៅលើវេទិកាអនឡាញធំ។ ដោយសារក្រុមហ៊ុនបែបនេះភាគច្រើន – រួមទាំង Microsoft, Google, Meta និង Amazon – មានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក មន្ត្រីអាមេរិកបានអះអាងថា ក្របខ័ណ្ឌនេះគឺជាការរើសអើង។ ជាពិសេស លោក Breton ស្ថិតក្នុងចំណោមមន្ត្រីដែលដើរតួយ៉ាងសំខាន់ក្នុងការបង្កើតសៀវភៅច្បាប់ឌីជីថលរបស់សហភាពអឺរ៉ុប។
ភាពតានតឹងបានកើនឡើងបន្ទាប់ពីគណៈកម្មការសហភាពអឺរ៉ុបបានពិន័យវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោក Elon Musk ចំនួន ១២០ លានអឺរ៉ូ ឬ ប្រហែល១៣០ លានដុល្លារ កាលពីដើមខែធ្នូក្រោមច្បាប់សេវាកម្មឌីជីថល។ មន្ត្រីអាមេរិកបានរិះគន់ចំណាត់ការនេះថា ជាការបង្កគ្រោះថ្នាក់ដល់ការបញ្ចេញមតិដោយសេរី និងជាគោលដៅក្រុមហ៊ុនអាមេរិកដោយអយុត្តិធម៌៕
ប្រែសម្រួលៈ ណៃ តុលា
