ឥណ្ឌូនេស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍ពីចំនួនករណីពុលមេតាណុលខ្ពស់បំផុតនៅទូទាំងពិភពលោក ដែលជំរុញឲ្យមានការអំពាវនាវឲ្យមានផែនការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ឲ្យកាន់តែរឹងមាំ ដើម្បីកាត់បន្ថយហានិភ័យនៃការប៉ះពាល់មេតាណុល។
ក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ ប្រទេសឥណ្ឌូនេស៊ី និងប្រទេសចំនួន ១២ ផ្សេងទៀតនៅប៉ាស៊ីហ្វិកខាងលិច បានរាយការណ៍ពីការផ្ទុះឡើងនៃការពុលមេតាណុលទ្រង់ទ្រាយធំ។ តំបន់នេះមានប្រទេស និងដែនដីចំនួន ៣៨ នៅទូទាំងអាស៊ីប៉ាស៊ីហ្វិក បានកត់ត្រាឧប្បត្តិហេតុពុលមេតាណុលចំនួន ៣៥២ ករណីចាប់តាំងពីឆ្នាំ ២០១៥ រងប៉ះពាល់ដល់មនុស្សជាង ៥១០០នាក់ និងបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ១.៥៧១នាក់ ស្មើនឹងអត្រាមរណភាព ៣០.៤ ភាគរយ។
ប្រទេសឥណ្ឌូនេស៊ីឈរនៅលំដាប់កំពូលនៃបញ្ជីនេះ ដោយមានឧប្បត្តិហេតុជាង ៣០០ ករណី ដែលប៉ះពាល់ដល់មនុស្ស ២.១៨៥នាក់ និងកត់ត្រាអត្រាមរណភាព ៥០.៤ ភាគរយ ជាកម្រិតដែលអ្នកជំនាញពិពណ៌នាថាខ្ពស់ខ្លាំង។ ប្រទេសកម្ពុជាឈរនៅលំដាប់ទីពីរ ដោយមានមនុស្សជាង ១.៣០០នាក់ រងផលប៉ះពាល់ ទោះបីជាអត្រាមរណភាពរបស់ខ្លួនទាបជាងគួរឱ្យកត់សម្គាល់នៅប្រហែល ១៤.២ភាគរយក៏ដោយ។
យោងតាមលោក Seungyun Kim អ្នកឯកទេសវាយតម្លៃហានិភ័យនៃកម្មវិធីសង្គ្រោះបន្ទាន់សុខភាពរបស់អង្គការសុខភាពពិភពលោកសម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិចថា ប្រទេសឥណ្ឌូនេស៊ីមិនត្រឹមតែនាំមុខគេក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជាប់ចំណាត់ថ្នាក់លេខមួយនៅលើពិភពលោកក្នុងករណីពុលមេតាណុលផងដែរ។ កត្តារួមចំណែកចម្បងមួយស្ថិតនៅក្នុងបរិបទសង្គមរបស់ប្រទេស។
ក្នុងនាមជាប្រទេសមូស្លីមភាគច្រើន ប្រទេសឥណ្ឌូនេស៊ីកំណត់ការប្រើប្រាស់គ្រឿងស្រវឹងយ៉ាងតឹងរ៉ឹង ខណៈដែលភេសជ្ជៈមានជាតិអាល់កុលស្របច្បាប់ត្រូវបង់ពន្ធខ្ពស់ណាស់។ ជាលទ្ធផល មនុស្សជាច្រើនងាកទៅរកគ្រឿងស្រវឹងដែលផលិតនៅផ្ទះ ឬស្រាខុសច្បាប់ថោកៗដែលលក់នៅលើទីផ្សារងងឹត ដែលអាចមានផ្ទុកមេតាណុល៕
