ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី ស្នើពង្រីកទម្រង់ការប្រកួត SEA Games ដោយអនុញ្ញាតឲ្យរួមទាំងអូស្ត្រាលី និងប្រទេសដទៃទៀតចូលរួម

ឥណ្ឌូនេស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីបានដាក់ចេញនូវគំនិតផ្តួចផ្តើមមួយដើម្បីអនុញ្ញាតឲ្យប្រទេសបន្ថែមទៀត រួមទាំងប្រទេសអូស្ត្រាលីផងដែរឲ្យចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA Games ដោយកែសម្រួលឡើងវិញដែលមានឈ្មោះថា SEA Games Plus វិញ។

គំនិតនេះត្រូវបានស្នើឡើងដោយលោក Raja Sapta Oktohari ប្រធានគណៈកម្មាធិការអូឡាំពិកឥណ្ឌូនេស៊ី (NOC)។ ប្រសិនបើសម្រេចបាន SEA Games Plus នឹងត្រូវធ្វើឡើងជាលើកដំបូងនៅប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០២៨ មួយឆ្នាំ បន្ទាប់ពី SEA Games លើកទី ៣៤ នៅប្រទេសម៉ាឡេស៊ី។

លោក Oktohari បានមានប្រសាសន៍ក្នុងកិច្ចប្រជុំមួយនៅទីស្នាក់ការកណ្តាល NOC កាលពីថ្ងៃពុធថា យើងកំពុងទាក់ទងជាមួយប្រទេសជាច្រើនដើម្បីចាប់ផ្តើមពង្រីក SEA Games។  បន្ថែមពីលើប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១១ ប្រទេសប៊ូតាន និងប្រទេសអូសេអានីមួយចំនួនដូចជានូវែលសេឡង់ អូស្ត្រាលី និងហ្វីជីអាចចូលរួមបាន។

អូស្ត្រាលី និងនូវែលសេឡង់ គឺជាប្រទេសមហាអំណាចកីឡាមួយក្នុងពិភពលោក។ ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសអូស្ត្រាលីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ លើតារាងមេដាយសរុប ដោយមានមេដាយមាស១៨ មេដាយប្រាក់១៩ និងមេដាយសំរិទ្ធ១៦ ដោយនៅពីក្រោយតែសហរដ្ឋអាមេរិក ចិន និងជប៉ុនប៉ុណ្ណោះ។ ប្រទេសនូវែលសេឡង់ស្ថិតនៅលំដាប់ទី១១ ដោយមានមេដាយមាស១០ មេដាយប្រាក់៧ និងមេដាយសំរិទ្ធ៣។

ប្រធាន NOC សង្ឃឹមថា ចលនានេះនឹងបម្រើជាជំហានមួយសម្រាប់អត្តពលិកដើម្បីឈានទៅការប្រកួតកម្រិតខ្ពស់។លោកបានអះអាងថា SEA Games Plus នឹងកំណត់ស្តង់ដារថ្មីមួយដោយដាក់ការសង្កត់ធ្ងន់កាន់តែខ្លាំងលើកីឡាអូឡាំពិក។ ទម្រង់ SEA Games បច្ចុប្បន្នត្រូវបានទទួលរងនូវការរៀបចំខុសត្រូវ ដោយប្រទេសម្ចាស់ផ្ទះផ្តល់អាទិភាពដល់កីឡាដែលពួកគេមានអត្ថប្រយោជន៍។

លោក Oktohari បានបន្តថា ម្ចាស់ផ្ទះទាំងអស់ មិនថា ជាប្រទេសថៃ កម្ពុជា វៀតណាម ឬឥណ្ឌូនេស៊ីទេ ចង់ឈរនៅលើកំពូលតារាងមេដាយ។ ក្នុងរយៈពេលខាងមុខ ប្រទេសឥណ្ឌូនេស៊ីនឹងផ្តល់អាទិភាពដល់កីឡាអូឡាំពិកយ៉ាងសកម្ម ដោយសារព្រឹត្តិការណ៍កីឡាច្រើនប្រភេទត្រូវការធនធានហិរញ្ញវត្ថុយ៉ាងច្រើន៕

Most Popular

To Top