ទីក្រុង Nha Trang ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសនៅទីក្រុងឆ្នេរសមុទ្រ Nha Trang ប្រទេសវៀតណាម បានឃាត់ខ្លួនជនជាតិចិន ៣០នាក់ និងជនសង្ស័យជនជាតិវៀតណាមម្នាក់ បន្ទាប់ពីការឆ្មក់ចូលនៅពេលយប់ជ្រៅបានប្រទះឃើញក្រុមលេងល្បែងស៊ីសងតាមអ៊ីនធើណេតមួយក្រុម ដែលដំណើរការពីសណ្ឋាគារ និងអាផាតមិនជួល។
ប៉ូលីសខេត្ត Khanh Hoa នៅថ្ងៃទី២៨ ខែធ្នូ បាននិយាយថា មន្ត្រីរាប់រយនាក់បានឆ្មក់ចូលទីតាំងជាច្រើនកន្លែងក្នុងពេលដំណាលគ្នានៅទូទាំងទីក្រុង Nha Trang រួមទាំងសណ្ឋាគារ អាផាតមិនសេវាកម្ម និងផ្ទះជួលនៅសង្កាត់ Nha Trang, Nam Nha Trang និង Tay Nha Trang នៅថ្ងៃទី២៦ ខែធ្នូ។
ជនសង្ស័យជាច្រើនត្រូវបានចាប់ខ្លួនពីបទដាក់ភ្នាល់ និងគ្រប់គ្រងវេទិកាលេងល្បែងស៊ីសងតាមអ៊ីនធើណេតក្នុងពេលវេលាជាក់ស្តែង។
ក្រុមអ្នកស៊ើបអង្កេតនិយាយថា ក្រុមនេះបានចូលប្រទេសវៀតណាមដោយប្រើទិដ្ឋាការទេសចរណ៍ មុនពេលជួលអចលនទ្រព្យដើម្បីបង្កើតសកម្មភាពលេងល្បែងស៊ីសង។ មន្ត្រីបានរឹបអូសកុំព្យូទ័រ ទូរស័ព្ទដៃ និងឯកសារពាក់ព័ន្ធផ្សេងៗជាភស្តុតាង។
ឥឡូវនេះ អាជ្ញាធរកំពុងធ្វើការដើម្បីបញ្ជាក់អំពីតួនាទីរបស់បុគ្គលម្នាក់ៗ និងបន្តចាត់វិធានការផ្លូវច្បាប់ចំពោះបទល្មើសលេងល្បែងស៊ីសងតាមអ៊ីនធឺណិត និងការភ្នាល់៕
