ម៉ានីល៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍផ្ទះដ៏សំខាន់មួយនៅប្រទេសហ្វីលីពីនឡើងវិញសម្រាប់រំលឹកដល់ស្ត្រីក្នុងស្រុកដែលទាហានជប៉ុនរំលោភបំពាននាសម័យសង្គ្រាមលោកលើកទី ២ កំពុងប្រឈមមុខនឹងឧបសគ្គផ្នែកហិរញ្ញវត្ថុ និងភស្តុភារ ដែលបង្កើនការភ័យខ្លាចថារចនាសម្ព័ន្ធ និងការទទួលស្គាល់អំពើឃោរឃៅបានកើតឡើង អាចនឹងបាត់បង់ក្នុងពេលឆាប់ៗនេះ។
នេះបើយោងតាមការព្រមានរបស់ស្ថាបត្យករអភិរក្ស លោក Joel Rico ថា ផ្ទះក្រហម “Bahay na Pula” (ផ្ទះក្រហម) បានសាងសង់កាលឆ្នាំ ១៩២៩នៅទីក្រុង San Ildefonso ខេត្ត Bulacan ភាគខាងជើងនៃរដ្ឋធានីម៉ានីលរបស់ប្រទេស ត្រូវបានកងទ័ពអធិរាជជប៉ុនដណ្តើមយកនាសម័យសង្គ្រាម។ ឥឡូវនេះ ស្ថិតក្នុងស្ថានភាពទ្រុឌទ្រោមយ៉ាងខ្លាំង ផ្ទះនេះអាចដួលរលំក្នុងរយៈពេលមួយឆ្នាំ ប្រសិនបើត្រូវព្យុះខ្លាំងវាយប្រហារ ។
លោក Rico កំពុងជំរុញឲ្យមានការជួសជុលផ្ទះនេះ បានប្រាប់ Kyodo News នាពេលថ្មីៗនេះថា អ្វីក៏ដោយដែលបានកើតឡើងកាលពីអតីតកាល គឺជារឿងដ៏សោកសៅ ប៉ុន្តែប្រសិនបើយើងធ្វើឲ្យផ្ទះនេះត្រូវបានបំផ្លាញ នោះ (ធ្វើឲ្យសោកនាដកម្មកាន់តែអាក្រក់ទៅៗ) ពីព្រោះនោះដូចជាការអនុញ្ញាតឲ្យការចងចាំបាត់ទៅវិញ។
អ្នករស់រានមានជីវិតបាននិយាយថា ស្ត្រី និងក្មេងស្រីមកពីភូមិ Mapaniqui ក្បែរនោះក្នុងក្រុង Candaba ខេត្ត Pampanga ត្រូវបាននាំទៅផ្ទះ ហើយត្រូវបានទាហានជប៉ុនរំលោភបំពានផ្លូវភេទ បន្ទាប់ពីការវាយឆ្មក់លើសហគមន៍របស់ពួកគេនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ១៩៤៤ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបរបាញ់យុទ្ធជនទ័ពព្រៃ។
លោក Rico បានចាប់ផ្តើមការស្រាវជ្រាវ និងឯកសារសម្រាប់ផែនការគ្រប់គ្រងការអភិរក្សបាននិយាយថា យើងអាចធ្វើឲ្យអគារនេះក្លាយជាវិមានសម្រាប់ស្ត្រីទាំងនេះ។ លោកមានគោលបំណងបញ្ចប់ការងារដោយមិនគិតថ្លៃនៅខែកុម្ភៈ ឆ្នាំក្រោយ ហើយបន្ទាប់មកនឹងដាក់ស្នើវាទៅគណៈកម្មការជាតិសម្រាប់វប្បធម៌ និងសិល្បៈ។
ផ្ទះនេះ ដែលមានផ្ទៃក្រឡាប្រហែល ៤០០ ម៉ែត្រការ៉េ ស្ថិតនៅលើដីឡូត៍ឯកជនទំហំ ៨,០០០ ម៉ែត្រការ៉េ ដែលមានទីតាំងនៅលើផ្លូវហាយវេ។ អ្វីដែលនៅសេសសល់សព្វថ្ងៃនេះគឺសសរ ដំបូល និងផ្នែកខ្លះនៃជញ្ជាំងនៅជាន់ផ្ទាល់ដី ត្រូវបានហ៊ុំព័ទ្ធដោយរុក្ខជាតិមួយផ្នែក៕
