ព័ត៌មានអន្តរជាតិ

នាយកប្រតិបត្តិ ក្រុមហ៊ុនបច្ចេកវិទ្យា យក្សអាមេរិក Nvidia គូសបញ្ជាក់ពីការពឹងផ្អែកគ្នា ទៅវិញទៅមករវាងចិន និងអាមេរិក

អាមេរិក៖លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Nvidia បាននិយាយថា គំនិត នៃការផ្តាច់ខ្លួនចេញពីប្រទេសចិន របស់អាមេរិក គឺជាចំណុចខ្វះខាត ដោយបានគូសបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ច និងបច្ចេកវិទ្យាដែលចងភ្ជាប់ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោននៅតែមានជម្រៅជាងការយល់ឃើញ យ៉ាងទូលំទូលាយ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។

ការលើកឡើងនេះ នៅពេលប្រទេស ដែលមានសេដ្ឋកិច្ចធំ ជាងគេទាំង ២ របស់ពិភពលោកនៅតែជាប់គាំង ក្នុងការចោទប្រកាន់គ្នាទៅវិញ ទៅមកជាបន្តបន្ទាប់។ ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ប្រទេសចិន ម្តងហើយម្តងទៀតអំពីការអនុវត្តអយុត្តិធម៌ដូចជាការលួចកម្មសិទ្ធិបញ្ញា និងការផ្ទេរបច្ចេកវិទ្យាដោយបង្ខំ ខណៈទីក្រុងប៉េកាំងថ្កោលទោសការគ្រប់គ្រងការនាំចេញ របស់អាមេរិកថាជាការធ្វើនយោបាយពាណិជ្ជកម្ម និងព្រមានថា ពួកគេរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងធ្វើឲ្យប៉ះពាល់ដល់អ្នកពាក់ព័ន្ធទាំងអស់ ។

លោក Huang បាននិយាយ ក្នុងបទសម្ភាសន៍វីដេអូមួយជាមួយ Time ចេញផ្សាយកាលពីដើមសប្តាហ៍នេះថា គំនិតដែលអណ្តែតជុំវិញ អំពីការផ្តាច់ខ្លួនចេញពីប្រទេសចិន របស់អាមេរិក ខ្ញុំគិតថា មានចំណុចខ្វះខាត ហើយការពឹងផ្អែករបស់យើងលើគ្នាទៅវិញទៅមកគឺមានសារសំខាន់ណាស់ ហើយវាជ្រៅជាងអ្វីដែលមនុស្សគិត ។

នាយកប្រតិបត្តិក៏បានគូសបញ្ជាក់ពីការពឹងផ្អែកជាសកលនៃវិស័យបញ្ញាសិប្បនិម្មិត (AI) លើ “និស្សិតឆ្នើម និងអ្នកវិទ្យាសាស្ត្រឆ្នើមរបស់ប្រទេសចិន”។ លោក Huang បានបន្ថែមថា អ្នកស្រាវជ្រាវ AI ៥០ ភាគរយនៅលើពិភពលោកគឺមកពីប្រទេសនេះ ឬមានដើមកំណើតចិន។

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីខែកញ្ញា បានដាក់អង្គភាពបរទេសចំនួន ៣២ រួមទាំងក្រុមហ៊ុនចិនចំនួន ២៣ ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម របស់ខ្លួន ។ ក្នុងចំណោមនោះ មានក្រុមហ៊ុនពីរ ដែលត្រូវបានចោទប្រកាន់ ពីបទប្រើប្រាស់ឧបករណ៍របស់អាមេរិក ដើម្បីជួយផលិតបន្ទះឈីបសម្រាប់ ក្រុមហ៊ុន SMIC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីប កំពូលរបស់ប្រទេសចិន៕

Most Popular

To Top