យេរូសាឡឹម៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានឲ្យដឹងថា អ៊ីស្រាអែល បានកែសម្រួលការដាក់ពង្រាយ ប្រព័ន្ធការពារដែន អាកាសរបស់ខ្លួន និងបានបង្កើនកម្រិតប្រុងប្រយ័ត្នរបស់ខ្លួន ខណៈពេលដែលខ្លួនកំពុងបង្កើនការត្រៀមលក្ខណៈ សម្រាប់ភាពតានតឹងដែលអាច កើតមានជាមួយអ៊ីរ៉ង់។

ការិយាល័យ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា គណៈរដ្ឋមន្ត្រីសន្តិសុខ នយោបាយ បានកោះប្រជុំសម្រាប់កិច្ចប្រជុំ ដែលបានកំណត់ពេលពីមុន ដើម្បីពិភាក្សាអំពីការវិវត្តទាក់ទងនឹងអ៊ីរ៉ង់។ វិទ្យុកងទ័ពអ៊ីស្រាអែលបានរាយការណ៍ថា កងកម្លាំងការពារ អ៊ីស្រាអែល (IDF) បានបង្កើនការត្រៀមខ្លួន សម្រាប់សេណារីយ៉ូជាច្រើន ដែលអាចកើត មានដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ និងបានដាក់កងកម្លាំងយោធា ជាច្រើនឱ្យប្រុងប្រយ័ត្នខ្ពស់។
ស្ថាប័នផ្សាយព័ត៌មានសាធារណៈ Kan បានចុះផ្សាយថា ការផ្លាស់ប្តូរត្រូវបានធ្វើឡើង ចំពោះប្រព័ន្ធការពារដែន អាកាសរបស់អ៊ីស្រាអែលក្នុងរយៈពេល ២៤ ម៉ោងកន្លងមក រួមទាំងការដាក់ពង្រាយប្រព័ន្ធស្ទាក់ចាប់ Iron Dome។ ដោយដកស្រង់សម្តីមន្ត្រី ស្ថាប័ន ផ្សាយព័ត៌មានបានឲ្យដឹងថា អ៊ីស្រាអែល វាយតម្លៃថា អ៊ីរ៉ង់ទំនងជាមិនវាយប្រហារ អ៊ីស្រាអែលនោះទេ លុះត្រាតែសហរដ្ឋអាមេរិក ធ្វើការវាយប្រហារទ្រង់ទ្រាយធំលើទឹកដីអ៊ីរ៉ង់។
មិនមានការហៅកងទ័ពបម្រុងភ្លាមៗ និងគ្មានការអត្ថាធិប្បាយ ជាផ្លូវការពី IDF ឡើយ ។ ចលនានេះបានកើតឡើង បន្ទាប់ពីការកត់សម្គាល់ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានជំរុញឱ្យប្រជាជនអ៊ីរ៉ង់ បន្តតវ៉ា ហើយបានឲ្យដឹងថា “ជំនួយកំពុងមកដល់” ដោយមិនបានផ្តល់ព័ត៌មាន លម្អិតបន្ថែមនោះ ។ កាលពីខែមិថុនា ឆ្នាំមុន អ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាមរយៈពេល ១២ ថ្ងៃប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងអំឡុងពេលនោះយន្តហោះចម្បាំងអ៊ីស្រាអែល បានធ្វើការវាយប្រហារលើ គោលដៅយោធាជាច្រើនរបស់អ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
