ព័ត៌មានអន្តរជាតិ

ថៃអំពាវនាវ និងហាមឃាត់ការដុត នៅទីសាធារណៈ និងការពង្រីកវិធានការធ្វើការពីផ្ទះ ដោយសារការបំពុលខ្យល់ កាន់តែអាក្រក់

ថៃ៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលថៃ កំពុងជំរុញឲ្យមានការគ្រប់គ្រង កាន់តែតឹងរ៉ឹងលើប្រភព នៃការបំពុល ការហាមឃាត់ការដុតនៅទីសាធារណៈ និងការពង្រីកវិធានការធ្វើការពីផ្ទះ ដោយសារតែការបំពុលធូលីល្អិតល្អន់ PM2.5 បានកើនឡើងចាប់តាំងពីថ្ងៃទី ១៤ ខែមករា។

លោកស្រី Lalida Persvivatana អ្នកនាំពាក្យរងរដ្ឋាភិបាល បាននិយាយថា មជ្ឈមណ្ឌលទំនាក់ទំនង ស្ថានភាពបំពុលខ្យល់ របស់នាយកដ្ឋានត្រួតពិនិត្យការបំពុល (PCD) បានចេញសេចក្តីជូនដំណឹងអំពីការកើនឡើង នៃកំហាប់ PM2.5 ជាពិសេសនៅក្នុងទីក្រុងបាងកក ខេត្តជុំវិញ តំបន់វាលទំនាបកណ្តាលខាងលើ និងភាគឦសាន។

លោកស្រី Lalida បានសន្មតថា ការកើនឡើងនេះដោយសារតែខ្យល់នៅទ្រឹង និងអត្រាខ្យល់ចេញចូលទាប ដែលបណ្តាលឱ្យសារធាតុបំពុលកកកុញ និងរីករាលដាលមិនល្អ។

លោកស្រី បានបន្ថែមថា រដ្ឋាភិបាលបានណែនាំ PCD ឱ្យធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរខេត្ត ដើម្បីពង្រឹងការទំនាក់ទំនង និងការសម្របសម្រួលក្នុងការរឹតបន្តឹង ការគ្រប់គ្រងលើប្រភពនៃការបំពុល។ ពួកគេក៏ត្រូវបានគេប្រាប់ឱ្យអនុវត្តការ ហាមឃាត់ការដុតនៅទី សាធារណៈក្នុងអំឡុងពេលនេះផងដែរ។

អាជ្ញាធរក៏បានសម្របសម្រួល ជាមួយរដ្ឋបាលទីក្រុងបាងកក ដើម្បីពិចារណាបង្កើនវិធានការ តំបន់បំភាយឧស្ម័នទាប និងពង្រីកការរៀបចំធ្វើការពីផ្ទះ ដើម្បីកាត់បន្ថយបរិមាណចរាចរណ៍ និងការបំភាយឧស្ម័នទីក្រុង។

លោកស្រីបានបន្ថែមថា រដ្ឋាភិបាលក៏បានផ្ញើលិខិតមួយច្បាប់ ទៅកាន់អគ្គលេខាធិការអាស៊ាន ដោយស្វែងរកកិច្ចសហប្រតិបត្តិការ ពីប្រទេសជិតខាងដើម្បីដោះស្រាយបញ្ហា អ័ព្ទឆ្លងដែនផងដែរ៕

Most Popular

To Top