វៀតណាម៖ ប៉ូលីសទីក្រុងហូជីមិញ បាននិយាយថា សាច់ជ្រូកជាង ៥០ តោនត្រូវបានចោទប្រកាន់ថា ត្រូវបានកែច្នៃ និងលក់ជាសាច់កម្រ និងអសកម្មលំដាប់ខ្ពស់ ទៅកាន់ភោជនីយដ្ឋាននានានៅទូទាំងភាគខាងត្បូងប្រទេសវៀតណាម យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
នាយកដ្ឋានឧក្រិដ្ឋកម្ម សេដ្ឋកិច្ច នៃនាយកដ្ឋានប៉ូលីសទីក្រុងហូជីមិញបានដាក់លោក Nguyen Van Phong ឲ្យស្ថិតនៅក្រោមការឃុំខ្លួន ជាបណ្តោះអាសន្ន នៅថ្ងៃទី ១៦ ខែមករា រួមជាមួយមនុស្ស ៧ នាក់ ផ្សេងទៀតពីបទផលិត និងជួញដូរផលិតផលអាហារក្លែងក្លាយ ។ អ្នកត្រូវបានចាប់ខ្លួនរួមមានលោកស្រី Tran Thi Van Phuoc នាយកក្រុមហ៊ុន Khanh Ngoc SG Production and Trading និងលោកស្រី Nguyen Phi Long នាយកក្រុមហ៊ុន Dai Loc Phat Food ។
ប៉ូលីស បានបន្តថា ផលិតផលសាច់ក្លែងក្លាយត្រូវបានចែកចាយទៅកាន់ភោជនីយដ្ឋាន និងហាងលក់អាហារក្នុងទីក្រុងហូជីមិញ និងខេត្តជិតខាងមួយចំនួន ដែលបង្កើនការព្រួយបារម្ភថា អ្នកប្រើប្រាស់ប្រហែលជាបានបរិភោគអាហារក្លែងក្លាយដោយមិនដឹងខ្លួន។ ការចាប់ខ្លួនទាំងនេះបានកើតឡើង នៅពេលប៉ូលីសក្រុងបានបើកការបង្ក្រាបបទល្មើសកាន់តែខ្លាំងឡើងមុនបុណ្យចូលឆ្នាំចិនឆ្នាំ ២០២៦ ដែលឈានដល់ពាក់កណ្តាលខែកុម្ភៈ។
យោងតាមអ្នកស៊ើប អង្កេតបាននិយាយថា ក្រុមនេះបានដំណើរការតាំងពីចុងឆ្នាំ ២០២៤ ដោយប្រើសាច់ជ្រូកជាវត្ថុធាតុដើមសំខាន់ និងកែច្នៃវា តាមរយៈដំណាក់កាលជាច្រើន ដើម្បីធ្វើឲ្យវាមើលទៅដូចជាសាច់មានតម្លៃខ្ពស់ ដែលជាធម្មតាលក់ក្នុងតម្លៃខ្ពស់ជាង។ ផលិតផលក្លែងក្លាយទាំងនោះត្រូវបានដាក់លក់ជាសាច់សត្វអូទ្រីស សាច់ពពែ ជើងពពែអូស្ត្រាលី សាច់សត្វព្រាបហាន់ជាចំណិតៗ និងសាច់សត្វក្តាន់។
បន្ទាប់ពីបើកការស៊ើបអង្កេតពិសេសមួយ ប៉ូលីសបានធ្វើការឆ្មក់ចូលទីតាំងផលិតកម្ម កន្លែងផ្ទុកត្រជាក់ ឃ្លាំង និងភោជនីយដ្ឋាននៅក្នុងទីក្រុងហូជីមិញ ក៏ដូចជាខេត្តឡាំដុង ដុងណៃ និងដាក់ឡាក់ ។ អាជ្ញាធរបានរឹបអូសអាហារក្លែងក្លាយដែលសង្ស័យថា មានចំនួនច្រើន ហើយបានកំណត់អត្តសញ្ញាណ Phong, Phuoc និង Long ជាតួអង្គសំខាន់ៗនៅពីក្រោយប្រតិបត្តិការនេះ។
អ្នកស៊ើបអង្កេតប៉ាន់ប្រមាណថា សាច់ក្លែងក្លាយជាង ៥០ តោន ត្រូវបានលក់រួចហើយ។ ប៉ូលីសបាននិយាយថា ប្រសិនបើគណនាតាមតម្លៃ ទីផ្សារនៃផលិតផលពិត តម្លៃ សរុបនឹងមានប្រហែល ១០ ពាន់លានដុង (៣៨០,៦០០ ដុល្លារអាមេរិក) ដោយបន្ថែមថា ជនសង្ស័យទទួលបានប្រាក់ ចំណេញខុសច្បាប់ជាច្រើនពាន់លានដុង ៕
