អាមេរិក៖ នេះបើយោង តាមរបាយការណ៍ របស់ Financial Times កាលពីថ្ងៃអាទិត្យបាននិយាយថា ក្រុមហ៊ុនឱសថយក្ស របស់អាមេរិក កំពុងស្វែងរកការគេចវេះយុទ្ធនាការ របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីបន្ថយថ្លៃថ្នាំសម្រាប់ ជនជាតិអាមេរិក ដែលអាចធ្វើឲ្យជនជាតិអឺរ៉ុប ខាតបង់ការទទួលបានថ្នាំ យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។
ចាប់តាំងពីឆ្នាំមុន លោក Trump បានដាក់សម្ពាធលើក្រុមហ៊ុនឱសថធំៗ ឲ្យវាយតម្លៃថ្នាំសំខាន់ៗ ដែលលក់នៅអាមេរិកទៅនឹងតម្លៃក្នុងប្រទេសដទៃទៀត ដោយលើកឡើងពីភាពខុសគ្នានៃតម្លៃមិនយុត្តិធម៌។ គិតត្រឹមខែមករា ក្រុមហ៊ុន ឱសថធំៗ ចំនួន ១៦ នៅលើពិភពលោកបានយល់ព្រម កាត់បន្ថយតម្លៃជាថ្នូរ នឹងការបន្ធូរបន្ថយពន្ធរយៈពេល ៣ ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ លោក Albert Bourla នាយកប្រតិបត្តិក្រុមហ៊ុន Pfizer បាននិយាយថា ក្រុមហ៊ុនឱសថយក្សនេះ ទទួលបានការលើកទឹកចិត្តច្រើន ជាងក្នុងការបញ្ឈប់ការផ្គត់ផ្គង់ដល់ប្រទេសនៅអឺរ៉ុប ជាជាងការចំណាយទាបនៅ អាមេរិក។
លោកបានប្រាប់អ្នកយកព័ត៌មាន ក្នុងសន្និសីទថែទាំសុខភាព JPMorgan កាលពីសប្តាហ៍មុនថា តើអ្នកកាត់បន្ថយតម្លៃ របស់សហរដ្ឋអាមេរិកដល់កម្រិតបារាំង ឬឈប់ផ្គត់ផ្គង់បារាំង? អ្នកឈប់ផ្គត់ផ្គង់បារាំង ដូច្នេះពួកគេនឹងត្រូវទុក ចោលដោយគ្មានថ្នាំថ្មី និងប្រព័ន្ធនឹងបង្ខំយើងឲ្យ មិនអាចទទួលយកតម្លៃទាបបាន។
យោងតាម FT នាយកប្រតិបត្តិផ្សេងទៀត ក្នុងសន្និសីទ បាននិយាយថា ពួកគេកំពុងពិចារណាជាឯកជនអំពីការពន្យារពេល ឬដកថ្នាំថ្មីនៅអឺរ៉ុបផងដែរ។
លោក Daniel O’Day នាយកប្រតិបត្តិក្រុមហ៊ុន ជីវឱសថយក្សអាមេរិក Gilead Sciences បាននិយាយថា កិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនលោក ជាមួយលោក Trump ពិតជាផ្តល់ឲ្យយើងនូវឱកាសដើម្បីកំណត់ឡើងវិញ នូវតម្លៃថ្នាំទូទាំងពិភពលោក ៕
