តូក្យូ ៖ ក្រសួងយុត្តិធម៌ជប៉ុនបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងពិចារណាថា តើត្រូវដាក់ពិន័យចំពោះអ្នកដែលបង់ប្រាក់សម្រាប់ការរួមភេទដែរឬទេ ដោយបានបង្ហាញពីចន្លោះប្រហោង ក្នុងច្បាប់ពេស្យាចាររបស់ប្រទេស ដែលដាក់ទោសអ្នកលក់ ប៉ុន្តែមិនមែនអ្នកទិញនោះឡើយ។
បញ្ហានេះទំនងជាចំណុចកណ្តាល នៃការពិភាក្សាក្នុងគណៈកម្មការជំនាញដែលទើបបង្កើតថ្មី ស្តីពីការកែសម្រួលក្របខណ្ឌគ្រប់គ្រង បទប្បញ្ញត្តិទាក់ទងនឹងពេស្យាចារ ខណៈក្រសួងមានគម្រោងធ្វើកិច្ចប្រជុំលើកដំបូង របស់ខ្លួននៅចុងខែមីនា ។ ចលនានេះកើតឡើងចំពេលមានការ ថប់បារម្ភកាន់តែខ្លាំងឡើងពីសាធារណជន ជុំវិញការស្នើសុំពេស្យាចារតាមដងផ្លូវ ត្រូវបានគេមើលឃើញកាន់តែខ្លាំងឡើង ថាជាការរំខាន និងជាកង្វល់សុវត្ថិភាព សម្រាប់សហគមន៍ក្នុងតំបន់។
ច្បាប់ប្រឆាំងពេស្យាចាររបស់ជប៉ុនចែង អំពីការពិន័យចំពោះអាកប្បកិរិយាដែលលើកកម្ពស់ ឬសម្របសម្រួលសកម្មភាពបែបនេះ និងសម្រាប់ការស្នើសុំ ឬរង់ចាំអតិថិជននៅកន្លែងសាធារណៈ។ គណៈកម្មការជំនាញត្រូវបានគេរំពឹងថានឹងពិភាក្សាថា តើត្រូវដាក់ទោសអ្នកទិញផងដែរ និងធ្វើឲ្យការពិន័យតាមច្បាប់កាន់តែធ្ងន់ធ្ងរឬអត់។
គណៈកម្មការនេះនឹងមានមេធាវី ចៅក្រម និងព្រះរាជអាជ្ញា ក៏ដូចជាអ្នកប្រាជ្ញផ្នែកច្បាប់ព្រហ្មទណ្ឌ នេះបើយោងតាមក្រសួង។
បន្ទាប់ពីសមាជិកសភាប្រឆាំងម្នាក់បានអំពាវនាវឲ្យដាក់ទណ្ឌកម្មអ្នកទិញក្នុងអំឡុងពេលសម័យប្រជុំគណៈកម្មាធិការថវិកាសភាតំណាងរាស្ត្រកាលពីខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី Sanae Takaichi បានណែនាំលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Hiroshi Hiraguchi ឲ្យអនុវត្តការពិនិត្យឡើងវិញចាំបាច់។ ក្រសួងបានសិក្សាពីស្ថានភាពក្នុងស្រុក និងប្រព័ន្ធច្បាប់ក្រៅប្រទេសទាក់ទងនឹងពេស្យាចារ៕
