បរទេស៖ ក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា យោធារុស្ស៊ីបានបើកការវាយប្រហារធំៗជាបន្តបន្ទាប់ទៅលើទីតាំងយោធាអ៊ុយក្រែន ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធថាមពលពាក់ព័ន្ធផងដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការវាយប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីកងកម្លាំងអ៊ុយក្រែនបានបើកការវាយប្រហារដ៏ធំមួយដោយយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង ក៏ដូចជាមីស៊ីល HIMARS និងគ្រាប់បែកនាំផ្លូវ ដែលបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងតំបន់ជាច្រើនរបស់រុស្ស៊ី។
មានគ្រាប់ផ្លោងភាគច្រើនត្រូវបានស្ទាក់ចាប់បាន។ ទោះជាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់មានជនស៊ីវិល៦នាក់ រួមទាំងស្ត្រីម្នាក់ បានរងរបួសដោយសារអំបែងគ្រាប់បែក និងរលកផ្ទុះនៅក្នុងតំបន់ Belgorod ប្រទេសរុស្ស៊ី, នេះបើយោងតាមអភិបាលរដ្ឋ Vyacheslav Gladkov។
យោងតាមក្រសួង គឺ ការឆ្លើយតបរបស់រុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះ ពាក់ព័ន្ធនឹងប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយទាំងផ្លូវអាកាស និងផ្លូវគោក ក៏ដូចជាយន្តហោះគ្មានមនុស្សបើក (UAV)។ ការវាយប្រហារនេះត្រូវបានគេរាយការណ៍ថាបានកំណត់គោលដៅទៅលើកន្លែងផលិត និងផ្ទុកយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដែលប្រើប្រាស់សម្រាប់តម្រូវការយោធា៕
ប្រែសម្រួលៈ ណៃ តុលា
