ព័ត៌មានអន្តរជាតិ

ទីតាំងលាក់ឯកសារសម្ងាត់របស់ជនល្មើសផ្លូវភេទ លោក Epstein នៅតែមិនទាន់ត្រូវបានឆែកឆេរ

អាមេរិក៖ នេះបើយោងតាម The Telegraph បានចេញផ្សាយថា ជនល្មើសផ្លូវភេទដ៏ល្បីឈ្មោះលោក Jeffrey Epstein បានលាក់ឯកសារ និងកុំព្យូទ័រក្នុងទូផ្ទុកឯកសារ សម្ងាត់នៅទូទាំងសហរដ្ឋអាមេរិក ដែលអាជ្ញាធរមិនទាន់បានឆែកឆេរនៅឡើយទេ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។

នៅឆ្នាំ ២០០៨ លោក Epstein បានសារភាពកំហុសចំពោះការចោទប្រកាន់របស់រដ្ឋពីបទស្នើសុំពេស្យាចារពាក់ព័ន្ធនឹងអនីតិជនក្រោមកិច្ចព្រមព្រៀងមិនចោទប្រកាន់ ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ១៨ ខែ។ លោកត្រូវបានចាប់ខ្លួនម្តងទៀតឆ្នាំ ២០១៩ ពីបទចោទប្រកាន់សហព័ន្ធពីបទជួញដូរមនុស្ស និងការកេងប្រវ័ញ្ចជនរងគ្រោះសម្រាប់ពេស្យាចារ។

ជនល្មើសផ្លូវភេទ លោក Epstein ត្រូវបានគេរកឃើញថា ស្លាប់ក្នុងបន្ទប់ឃុំឃាំង Manhattan ខណៈពេលកំពុងរង់ចាំការកាត់ក្តីនៅពេលក្រោយនៃឆ្នាំនោះ ដែលតុលាការបានសម្រេចថា ជាការធ្វើអត្តឃាត។ ការស្លាប់របស់គាត់បានបង្កឲ្យមានការសង្ស័យថា គាត់ត្រូវបានគេសម្លាប់ ដើម្បីការពារការផ្តល់សក្ខីកម្មដែលបង្កប់ន័យដល់មនុស្សមានអំណាច ដែលគាត់មានទំនាក់ទំនងជាមួយ។

The Telegraph បានរាយការណ៍នៅថ្ងៃអាទិត្យ ដោយដកស្រង់បង្កាន់ដៃកាតឥណទាន ដីកាឆែកឆេរ និងឯកសារស៊ើបអង្កេតផ្សេងទៀតថា លោក Epstein បានជួលកន្លែងផ្ទុកយ៉ាងហោចណាស់ ៦ កន្លែងនៅទូទាំងប្រទេស។ ជនរំលោភកុមាររូបនេះត្រូវបានគេរាយការណ៍ថា បានចាប់ផ្ដើមប្រើប្រាស់កន្លែងមួយឈ្មោះ Uncle Bob’s នៅជិតវិមានរបស់គាត់ក្នុងទីក្រុង Palm Beach រដ្ឋ Florida តាំងពីដើមឆ្នាំ ២០០៣។

កាសែត The Telegraph បានរាយការណ៍ថា យោងតាមអត្ថបទនេះ យ៉ាងហោចណាស់ក្នុងករណីមួយ អ្នកហិរញ្ញវត្ថុដ៏អាម៉ាស់រូបនេះបានណែនាំអ្នកស៊ើបអង្កេតឯកជនឲ្យផ្លាស់ទីកុំព្យូទ័ររបស់គាត់ទៅក្នុងទូដាក់ឥវ៉ាន់ បន្ទាប់ពីត្រូវបានគេរាយការណ៍ថា បានទទួលព័ត៌មានអំពីការឆែកឆេររបស់ប៉ូលីសលើទ្រព្យសម្បត្តិមួយរបស់គាត់។លោក Epstein បានប្រើប្រាស់សេវាកម្មរបស់ភ្នាក់ងារស៊ើបអង្កេតឯកជន Riley Kiraly ដើម្បីផ្លាស់ទីរបស់របរពីទ្រព្យសម្បត្តិរបស់គាត់។

វាបានដកស្រង់អ៊ីម៉ែលខែសីហា ឆ្នាំ២០០៩ ពីលោក Bill Riley ទៅកាន់ Epstein ក្នុងនោះមន្ត្រីប៉ូលីសដែលបានក្លាយជាអ្នកស៊ើបអង្កេតឯកជនបានសំដៅទៅលើកុំព្យូទ័រ និងឯកសារ ដែលខ្ញុំបានយកពីផ្ទះរបស់លោក Jeff មុនពេលដីកាឆែកឆេរ ក្រោយមកត្រូវបានចាក់សោរទុកក្នុងឃ្លាំង៕

Most Popular

To Top