ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍អាមេរិក​ ព្រមានអំពីហានិភ័យនៃការវាយប្រហារ​ ដែលអាចកើតមានលើអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ ប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោក Dan Caine បានព្រមានសេតវិមានថា ការខ្វះខាតគ្រាប់រំសេវ និងការគាំទ្រពីសម្ព័ន្ធមិត្តអាចមានន័យថា​ មានគ្រោះថ្នាក់កាន់តែខ្លាំង​ សម្រាប់កងទ័ពអាមេរិកក្នុងការវាយប្រហារដែលអាចកើតមានលើអ៊ីរ៉ង់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើនបានរាយការណ៍។

លោក Caine បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ និងជំនួយការកំពូលរបស់លោកនៅក្នុងកិច្ចប្រជុំសេតវិមានកាលពីសប្តាហ៍មុនថា ប្រតិបត្តិការសំខាន់ៗណាមួយប្រឆាំងនឹងអ៊ីរ៉ង់​ នឹងប្រឈមមុខនឹងបញ្ហាប្រឈម ពីព្រោះស្តុកគ្រាប់រំសេវរបស់សហរដ្ឋអាមេរិកត្រូវបានថយចុះយ៉ាងខ្លាំងដោយការការពារអ៊ីស្រាអែល និងការគាំទ្រអ៊ុយក្រែនរបស់ទីក្រុងវ៉ាស៊ីនតោន នេះបើយោងតាមការចុះផ្សាយរបស់ The Washington Post។

ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា លោក Dan Caine ប្រធានអគ្គសេនាធិការចម្រុះ នឹងដឹកនាំការវាយប្រហារដ៏មានសក្តានុពលលើអ៊ីរ៉ង់ ប្រសិនបើលោកត្រូវបានបញ្ជាឱ្យធ្វើដូច្នេះ​ ប៉ុន្ដែលោក ត្រាំ បាននិយាយថា លោកចង់ឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។

នៅថ្ងៃចន្ទ កាសែត Washington Post បានរាយការណ៍ថា លោក Caine បានព្រមាននៅក្នុងកិច្ចប្រជុំមួយនៅសេតវិមានកាលពីសប្តាហ៍មុនថា ការខ្វះខាតគ្រាប់រំសេវសំខាន់ៗ និងកង្វះការគាំទ្រពីសម្ព័ន្ធមិត្តអាចបង្កគ្រោះថ្នាក់កាន់តែធំដល់កងទ័ពអាមេរិកក្នុងការវាយប្រហារដ៏មានសក្តានុពលលើអ៊ីរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ការិយាល័យរបស់លោក Caine បានឧ្យដឹងថា ក្នុងនាមជាទីប្រឹក្សាយោធាកំពូលរបស់ប្រធានាធិបតី ប្រធានផ្តល់នូវជម្រើសយោធាជាច្រើន ក៏ដូចជាការពិចារណាបន្ទាប់បន្សំ និងផលប៉ះពាល់ ក៏ដូចជាហានិភ័យពាក់ព័ន្ធ ដល់មេដឹកនាំស៊ីវិល​ ដែលធ្វើការសម្រេចចិត្តសន្តិសុខរបស់អាមេរិក”។

កិច្ចចរចាជុំថ្មីមួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឥឡូវនេះត្រូវបានគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅទីក្រុងហ្សឺណែវ ហើយត្រូវបានគេរំពឹងថា​ នឹងផ្តោតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ រួមទាំងកម្រិតនៃការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម និងការបន្ធូរបន្ថយទណ្ឌកម្ម៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top