ព័ត៌មានអន្តរជាតិ

អតីតភរិយា ជនជាតិថៃ បដិសេធការជាប់ពាក់ព័ន្ធ នឹងការស្លាប់ របស់សហស្ថាបនិក ASOS នៅប៉ាតាយ៉ា

ប៉ាតាយ៉ា៖យោងតាមការចេញផ្សាយពីគេហទំព័រ thethaiger បានប្រាប់ឲ្យដឹងថា ស្ត្រីជនជាតិថៃម្នាក់ បានបដិសេធការជាប់ពាក់ព័ន្ធ នឹងការស្លាប់របស់អតីតស្វាមី របស់នាង ជនជាតិអង់គ្លេស ដែលជាសហស្ថាបនិក ASOS ដោយនាងនិយាយថា នាងនៅទីក្រុងបាងកក នៅពេលដែលគាត់បានធ្លាក់ពីអាផាត មិនប្រណីតមួយនៅប៉ាតាយ៉ានៅថ្ងៃទី ៩ ខែកុម្ភៈ។

នេះបើយោងតាមរបាយការណ៍ បានប្រាប់ថា លោក Quentin Griffiths អាយុ ៥៨ ឆ្នាំ ត្រូវបានពិពណ៌នាថា ជាសហស្ថាបនិកនៃក្រុមហ៊ុនលក់រាយម៉ូដ ASOS បានធ្លាក់ពីជាន់ទី ១៨ នៃអាផាតមិន។ លោកត្រូវបានគេរកឃើញនៅខាងក្រៅកន្លែងស្នាក់នៅដោយគ្មានស្បែកជើងពាក់។

DailyMail បានរាយការណ៍ថា បន្ទប់របស់លោក Griffiths ត្រូវបានចាក់សោពីខាងក្នុង ខណៈប៉ូលីសបានរកឃើញដបស្រា ២ ដបបើកចំហ និងដបទឹកមួយដបក្នុងបន្ទប់ ហើយបានរាយការណ៍មួយថា មិនមានសញ្ញានៃការលួចចូលផ្ទះ ចោរកម្ម ឬការប្រយុទ្ធគ្នានោះឡើយ។

នេះបើយោងតាមរបាយការណ៍ថា វីដេអូ CCTV ពីអគារនេះត្រូវបានគេរាយការណ៍ថាបានបង្ហាញលោក Griffiths ចូលទៅក្នុងបន្ទប់តែម្នាក់ឯង ដោយគ្មាននរណាម្នាក់ដើរតាមគាត់នៅខាងក្នុងនោះទេ។ ដូច្នេះប៉ូលីសមិនបានរកឃើញអ្វី គួរឲ្យសង្ស័យនោះទេ ហើយសង្ស័យថា ការស្លាប់នេះជាការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង។

ទោះជាយ៉ាងណាក៏ដោយ ការស្លាប់នេះ បានកើតឡើង នៅពេលលោក Griffiths កំពុងជាប់ពាក់ព័ន្ធនឹងជម្លោះផ្លូវច្បាប់ ជាមួយអតីតភរិយាជនជាតិថៃ របស់គាត់ គឺលោកស្រី Ploy Kringsinthanakun អាយុ ៤៣ ឆ្នាំ ដែលនាំឲ្យសាធារណជនមួយចំនួនសួរអំពីកាលៈទេសៈ ។ មនុស្សច្រើនបានចង្អុលបង្ហាញពីពេលវេលា ដោយនិយាយថា ហេតុការណ៍នេះបានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃមុនពេលចូលបង្ហាញខ្លួននៅតុលាការ។

DailyMail បានរាយការណ៍ថា លោកស្រី Ploy បានដាក់ពាក្យបណ្តឹងដោយចោទប្រកាន់អតីតស្វាមីជនជាតិអង់គ្លេសរបស់នាងពីបទលក់ដី និងភាគហ៊ុនមានតម្លៃ ៥០០,០០០ ផោន (ប្រហែល ២១ លានបាត) ក្នុងក្រុមហ៊ុនមួយដែលពួកគេបានធ្វើប្រតិបត្តិការជាមួយគ្នា ដោយនាងមិនបានដឹង។

ការចោទប្រកាន់នេះបាននាំឲ្យលោក Griffiths ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន អន្តរជាតិសុវណ្ណភូមិនៅទីក្រុងបាងកក។ លោកត្រូវបានគេរាយការណ៍ថា បានទទូចថាការលក់នេះគឺស្របច្បាប់ ហើយត្រូវបានដោះលែង បន្ទាប់ពីការសួរចម្លើយរបស់ប៉ូលីស ទោះបីជាការស៊ើបអង្កេត និងដំណើរការរបស់តុលាការនៅតែបន្តក៏ដោយ ៕

Most Popular

To Top