ព័ត៌មានអន្តរជាតិ

ជនបរទេស ស្លៀកខោទ្រនាប់ ត្រូវជនជាតិថៃមួយក្រុម វាយធ្វើបាបនៅប៉ាតាយ៉ា បង្កឲ្យមានការភ្ញាក់ផ្អើល លើបណ្តាញសង្គម

ប៉ាតាយ៉ា ៖ យោងតាមការចេញផ្សាយពីគេហទំព័រ thethaiger បានប្រាប់ឲ្យដឹងថា ក្រុមបុរសជនជាតិថៃមួយក្រុម បានវាយដុំធ្វើបាបជនបរទេសម្នាក់ បន្ទាប់ពីលោកដោះសម្លៀកបំពាក់ ចេញរហូតដល់ខោទ្រនាប់ និងស្រោមជើង ហើយរត់ទៅឈរកណ្តាលផ្លូវ នៅប៉ាតាយ៉ា កាលពីព្រឹកព្រលឹមថ្ងៃទី ២៦ ខែកុម្ភៈ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅទីនោះ ។

ស្ត្រីថៃម្នាក់បានចែករម្លែកវីដេអូ នៃហេតុការណ៍នេះនៅលើបណ្តាញសង្គម Facebook កាលពីម្សិលមិញជាមួយនឹងចំណងជើងថា “ម្តងទៀតនៅប៉ាតាយ៉ា! មានសារធាតុញៀនទេ?” វីដេអូនេះបង្ហាញពីបុរសបរទេសឈរ នៅកណ្តាលផ្លូវដោយស្លៀកតែខោទ្រនាប់ និងស្រោមជើងពណ៌ប្រផេះស្រាល។

សកម្មភាពក្នុងវីដេអូ ក្រុមបុរសជនជាតិថៃមានគ្នាចំនួន ៥ ទៅ ៦ នាក់ រួមទាំងអ្នកជិះម៉ូតូឌុប ត្រូវបានគេឃើញទាត់ និងវាយគាត់រហូតដល់គាត់ដួល ហើយដេកស្ងៀមនៅគន្លងខាងឆ្វេង។ បុរសបរទេសម្នាក់ និងបុរសថៃម្នាក់ បានឃើញការវាយប្រហារនោះបានធ្វើអន្តរាគមន៍ និងសុំឲ្យអ្នកវាយប្រហារឈប់ភ្លាមៗ ។

វីដេអូនេះទទួលបានការរិះគន់ តាមប្រព័ន្ធអ៊ីនធើណេត ដោយអ្នកប្រើប្រាស់បណ្តាញសង្គមថៃជាច្រើនបានបញ្ចេញមតិថា ការវាយប្រហារជាក្រុមនេះ គឺហួសហេតុពេក និងមិនសមរម្យ។ ស្ត្រីដែលបានបង្ហោះ វីដេអូឃ្លីបនេះបាននិយាយថា ក្រុមវាយប្រហារមានការខឹងសម្បារ ពីព្រោះបុរសនោះបានបង្កការរំខាន និងវាយប្រហារអ្នកបើកបរដោយចៃដន្យ។

Channel 7 បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ៥ ព្រឹក នៅលើផ្លូវប៉ាតាយ៉ាតៃសៃសាំ ក្នុងស្រុកបាងឡាមុង។ ក្រោយមក ប្រព័ន្ធផ្សព្វផ្សាយបានសម្ភាសសាក្សីម្នាក់ឈ្មោះ Em បាននិយាយថា បុរសបរទេសរូបនេះបានទៅលេងកន្លែងកម្សាន្តក្បែរនោះជាមួយមិត្តភក្តិ ៣ នាក់ ទាំងជនជាតិថៃ និងបរទេស។

លោក Em បានបន្តថា ក្រោយមកបុរសនោះបានដើរចេញដោយគ្មានអាវ ដោះខោចេញ ហើយរត់ចូលទៅក្នុងផ្លូវ ស្រែកខ្លាំងៗ និងមានអាកប្បកិរិយាមិនប្រក្រតី ខណៈដែលត្រូវបានគេរាយការណ៍ថា ស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង៕

Most Popular

To Top