វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់ ជាមួយប្រទេសអេស្ប៉ាញ ចំពោះការបដិសេធរបស់អេស្ប៉ាញ ក្នុងការអនុញ្ញាតឱ្យយោធាអាមេរិកប្រើប្រាស់មូលដ្ឋានរបស់ខ្លួន សម្រាប់ការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ខណៈពេលដែលលោកឧ្យដឹងថា លោកក៏មិនសប្បាយចិត្តនឹងប្រទេសអង់គ្លេសដែរ ។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅដើមកិច្ចពិភាក្សារបស់លោកជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅក្នុងការិយាល័យ Oval ថា «យើងនឹងកាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសអេស្ប៉ាញ ។ យើងមិនចង់មានអ្វីពាក់ព័ន្ធនឹងប្រទេសអេស្ប៉ាញទេ»។
លោកបានលេីកឡេីងថា «ដោយវិធីនេះ ខ្ញុំក៏មិនសប្បាយចិត្តនឹងចក្រភពអង់គ្លេសដែរ នេះមិនមែនជា Winston Churchill ដែលយើងកំពុងដោះស្រាយជាមួយនោះទេ»។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រាប់សភាកាលពីថ្ងៃចន្ទថា ចក្រភពអង់គ្លេសមិនចូលរួមក្នុង «ការវាយប្រហារវាយលុក» របស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់នោះទេ។
លោក Merz បានប្រាប់លោក ត្រាំ នៅក្នុងការិយាល័យ Oval កាលពីថ្ងៃអង្គារថា ប្រទេសអាល្លឺម៉ង់សង្ឃឹមថា សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ដែលកំពុងបន្តនឹងឈានដល់ទីបញ្ចប់ក្នុងពេលឆាប់ៗនេះ។
លោក Merz គឺជាមេដឹកនាំបរទេសដំបូងគេ ដែលបានជួបលោក ត្រាំ ផ្ទាល់ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការយោធា ដ៏ធំមួយប្រឆាំងនឹងអ៊ីរ៉ង់នៅព្រឹកថ្ងៃសៅរ៍៕
