ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានឧ្យដឹងថា ប្រតិបត្តិការយោធាដែលបានចាប់ផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ត្រូវបានធ្វើឡើង “នៅខាងក្រៅច្បាប់អន្តរជាតិ” ហើយមិនអាចត្រូវបានអនុម័តដោយបារាំងនោះទេ។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ស្តីពីស្ថានភាពនៅអ៊ីរ៉ង់ និងមជ្ឈិមបូព៌ា លោក ម៉ាក្រុង បានឧ្យដឹងថា ជម្លោះដែលបង្កឡើងដោយការវាយប្រហារ ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលឥឡូវនេះកំពុងរីករាលដាលពាសពេញតំបន់ ដែលបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខ។
លោកបានបញ្ជាក់ថា នាវាផ្ទុកយន្តហោះបារាំង Charles de Gaulle កំពុងត្រូវបានបញ្ជូនទៅសមុទ្រមេឌីទែរ៉ាណេ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងតំបន់។ នាវានេះធ្លាប់បានទៅដល់ប្រទេសស៊ុយអែត សម្រាប់សមយុទ្ធយោធា។
លោកបានលេីកឡេីងថា នាវាចម្បាំង Languedoc និងទ្រព្យសម្បត្តិការពារដែនអាកាសបន្ថែមក៏កំពុងត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសស៊ីបផងដែរ។ មូលដ្ឋានទ័ពអាកាសអង់គ្លេសនៅ Akrotiri នៅលើឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសស៊ីបត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមួយគ្រឿងនៅព្រឹកថ្ងៃចន្ទ។
ប្រធានាធិបតីបារាំងបានបន្ថែមថា បារាំងបានឆ្លើយតបភ្លាមៗ ដោយបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដើម្បីការពារខ្លួនដោយស្របច្បាប់ចាប់ពីម៉ោងដំបូងនៃជម្លោះ ដែលពាក់ព័ន្ធនឹងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
