សិង្ហបុរី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សភាសិង្ហបុរីនៅថ្ងៃទី ៦ ខែមីនាបានអនុម័តច្បាប់គ្រប់គ្រងថ្នាំជក់ និងឧបករណ៍ជក់បារី អេឡិចត្រូនិចថ្មីមួយ ដោយបង្កើនទោសពិន័យយ៉ាងខ្លាំង ចំពោះបទល្មើសទាក់ទងនឹងបារីអេឡិចត្រូនិចនេះ។
ច្បាប់នេះ ត្រូវបានធ្វើវិសោធនកម្មពីច្បាប់ថ្នាំជក់ (ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម និងការលក់) ពីមុន និងច្បាប់ពាក់ព័ន្ធផ្សេងទៀត បានដាក់ចេញនូវវិធានការ អនុវត្តដ៏តឹងរ៉ឹងប្រឆាំងនឹងការជក់ បារីអេឡិចត្រូនិច និងផលិតផលពាក់ព័ន្ធ។
ក្រោមបទប្បញ្ញត្តិថ្មី មនុស្សពេញវ័យ ពាក់ព័ន្ធនឹងយុវជន ឬបុគ្គលងាយរងគ្រោះក្នុងការរត់ពន្ធ ឬផ្គត់ផ្គង់ Kpods – ឧបករណ៍ជក់បារីអេឡិចត្រូនិច ដែលជារឿយៗលាយជាមួយសារធាតុស្ពឹក Etomidate អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ និងវាយរហូតដល់ ១៥ រំពាត់ដោយដំបង។ មនុស្សពេញវ័យដែលមាន Kpod ប៉ុន្តែមិនអាចទប់ស្កាត់អនីតិជនពីការប្រើប្រាស់ វាអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ។
ទីកន្លែងកម្សាន្តដូចជាក្លឹប និងបារ ត្រូវបានតម្រូវឲ្យរារាំងអតិថិជនពីការប្រើប្រាស់បារីអេឡិចត្រូនិច និងសុំឲ្យពួកគេបោះចោលឧបករណ៍របស់ពួកគេ។ គ្រឹះស្ថានទាំងនេះក៏មានសិទ្ធិអំណាច ក្នុងការបដិសេធមិនឲ្យចូល ឬដកអតិថិជនដែលមិនគោរពតាមចេញផងដែរ។
ការពិន័យចំពោះបទល្មើសទាក់ទងនឹងការជក់បារីអេឡិចត្រូនិចត្រូវបានកើនឡើងយ៉ាងខ្លាំង។ ការពិន័យសម្រាប់អ្នកប្រើប្រាស់បានកើនឡើង ៥ដង សម្រាប់អ្នកលក់កើនឡើង ២០ ដង និងសម្រាប់អ្នករត់ពន្ធកើនឡើង ៣០ ដង។ ជាលទ្ធផល អ្នកប្រើប្រាស់អាចប្រឈមមុខនឹងការពិន័យរហូតដល់ ១០,០០០ ដុល្លារសិង្ហបុរី (ជាង ៧,៨០០ ដុល្លារអាមេរិក) ខណៈអ្នកលក់អាចត្រូវពិន័យ រហូតដល់ ២០០,០០០ ដុល្លារសិង្ហបុរី និងប្រឈមមុខនឹង ការជាប់ពន្ធនាគាររហូតដល់ប្រាំមួយឆ្នាំ។ អ្នករត់ពន្ធអាចត្រូវពិន័យរហូតដល់ ៣០០,០០០ ដុល្លារសិង្ហបុរី និងជាប់ពន្ធនាគាររហូតដល់៩ឆ្នាំ។
ពីមុន អ្នកប្រើប្រាស់បារីអេឡិចត្រូនិច ប្រឈមមុខនឹងការពិន័យអតិបរមា ២,០០០ ដុល្លារសិង្ហបុរី ខណៈអ្នកចែកចាយ អ្នកនាំចូល និងអ្នកលក់ផលិតផលបារី អេឡិចត្រូនិចអាចជាប់ពន្ធនាគាររហូតដល់ ៦ ខែ និងពិន័យរហូតដល់ ១០,០០០ ដុល្លារសិង្ហបុរី៕
