ទីក្រុងហូជីមិញ៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ឈើឆ្កាងស្រោបមាសចំនួន ២ មានទម្ងន់ ៤០០ គីឡូក្រាមនីមួយៗត្រូវបានលើកឡើង នៅលើកំពូលវិហារ Saigon Notre-Dame នៅព្រឹកថ្ងៃព្រហស្បតិ៍ ជាព្រឹត្តិការណ៍ សំខាន់សម្រាប់ការជួសជុលឡើងវិញ រយៈពេលមួយទសវត្សរ៍ នៃទីសម្គាល់សាសនាដ៏ល្បីល្បាញបំផុត របស់ទីក្រុងហូជីមិញ។
នៅម៉ោង ៨ ព្រឹកថ្ងៃព្រហស្បតិ៍ អាចារ្យ Joseph Nguyen Nang នៃអាចារ្យធំទីក្រុងហូជីមិញ និងអាចារ្យ Marek Zalewski ជាអ្នកតំណាងសាសនា របស់បុរីវ៉ាទីកង់ប្រចាំប្រទេស វៀតណាម បានធ្វើពិធីដាក់ឈើឆ្កាងស្រោបមាសចំនួន ២ ដែលនីមួយៗមានទម្ងន់ ៤០០ គីឡូក្រាម និងមានកម្ពស់ជាង ៣,៧ ម៉ែត្រនៅលើកំពូលប៉មស័ង្កសីរបស់វិហារ។
ចំពោះសាសនាកាតូលិក ឈើឆ្កាងគឺជានិមិត្ត សញ្ញាដ៏ពិសិដ្ឋបំផុត ដែលតំណាងឲ្យសេចក្តីស្រឡាញ់ ការលះបង់ និងសេចក្តីមេត្តាករុណា របស់ព្រះយេស៊ូវគ្រីស្ទ សម្រាប់ការប្រោសលោះមនុស្សជាតិ។
មុនពេលឈើឆ្កាងត្រូវបានលើកទៅប៉ម អាចារ្យ Zalewski បានប៉ះមួយក្នុងចំណោមពួកវាក្នុងកាយវិការពិធី។ លោកបានបាននិយាយថា ៣ឆ្នាំបន្ទាប់ពីឈើឆ្កាងចាស់ៗត្រូវបានដកចេញ ការដំឡើងឈើឆ្កាងថ្មីមួយគូនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងការជួសជុលវិហារនេះ។ បន្ទាប់មក ក្រុមសំណង់បានចងឈើឆ្កាងទាំងពីរទៅនឹងស្ទូចចល័តមួយ ដើម្បីលើកវាឡើងដល់កម្ពស់ជិត ៦០ ម៉ែត្រ៕
