ទីក្រុងប៉ាតាយ៉ា ៖ យោងតាមការចេញផ្សាយពី គេហទំព័រ thethaiger បានប្រាប់ឲ្យដឹងថា ប៉ូលីសកំពុងស៊ើបអង្កេតការ វាយប្រហារលើភ្ញៀវ ទេសចរជនជាតិជប៉ុនម្នាក់ បន្ទាប់ពីវីដេអូបានបង្ហាញ ពីក្រុមបុរសថៃមួយក្រុម រួមទាំងអ្នកជិះម៉ូតូឌុបម្នាក់ បានវាយដំ និងទាត់គាត់ម្តងហើយម្តងទៀត នៅលើផ្លូវមួយក្នុងទីក្រុងប៉ាតាយ៉ា កាលពីថ្ងៃសៅរ៍ ទី២១ ខែមីនា។
ស្ថានីយ៍ប៉ូលីស Mueang Pattaya បាននិយាយថា ករណីនេះបានលេចចេញជារូបរាង បន្ទាប់ពីវីដេអូឃ្លីប នៃហេតុការណ៍នេះ ត្រូវបានចែកចាយនៅលើបណ្តាញសង្គមថៃ។ វីដេអូមួយ បុរសជប៉ុនដែលស្លៀកអាវយឺតពណ៌ស ត្រូវបានគេឃើញព្យាយាមរត់គេចខ្លួន ខណៈពេលដែលបុរសថៃជាច្រើននាក់បានដេញតាម និងវាយប្រហារគាត់ ។
វីដេអូឃ្លីបមួយទៀតបានបង្ហាញពីគាត់កំពុងរត់នៅកណ្តាលផ្លូវ មុនពេលអ្នកជិះម៉ូតូម្នាក់បានបុកគាត់ដួល។ បន្ទាប់មកគាត់ត្រូវបានគេឃើញក្រោកឡើង ហើយបន្តរត់។ ការវាយប្រហារនេះបានកើតឡើងនៅលើផ្លូវដ៏មមាញឹកមួយ នៅចំពោះមុខអ្នកបើកបរ និងអ្នកថ្មើរជើង រួមទាំងជនជាតិថៃ និងជនបរទេសផងដែរ។ សាក្សីបានហៅអ្នកជួយសង្គ្រោះទៅកាន់កន្លែងកើតហេតុ។
អ្នកជួយសង្គ្រោះបាននិយាយថា ក្រុមជួយសង្គ្រោះបានកំណត់អត្តសញ្ញាណបុរសរងរបួសថា លោក Kosei Kanasashi អាយុ ២៥ ឆ្នាំ។ គាត់មានរបួសធ្ងន់ធ្ងរ និងស្នាមជាំនៅក្បាល មុខ និងដងខ្លួន ហើយចាប់ផ្តើមក្អួតចេញឈាម ដែលតម្រូវឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
យោងតាមអ្នកជួយសង្គ្រោះ Kosei បានព្យាយាមពន្យល់ថា ហេតុការណ៍នេះជាប់ទាក់ទងនឹងទូរស័ព្ទដៃដែលមិត្តរបស់គាត់បានបាត់។ គាត់បាននិយាយថា មិត្តរបស់គាត់ បានធ្លាក់ទូរស័ព្ទនៅលើផ្លូវនេះ ហើយអ្នកជិះតាក់ស៊ីម្នាក់បានរើសវា ប៉ុន្តែគាត់មិនអាចបន្តគណនីរបស់គាត់បានទេ ដោយសារតែ របួសរបស់គាត់ ៕
