ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវឱ្យបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងស៊ីវិល ចំពេលមានភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា។
នៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយព្រះអង្គម្ចាស់រាជទាយាទ និងនាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត Mohammed bin Salman Al Saud លោក ម៉ាក្រុង បានបង្ហាញពីសាមគ្គីភាពរបស់បារាំង ជាមួយអារ៉ាប៊ីសាអូឌីត និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រការការពារដែនអាកាសរបស់ប្រទេស។
លោកបានសង្កត់ធ្ងន់ថា ដោយប្រឈមមុខនឹងហានិភ័យនៃការកើនឡើងដែលមិនអាចគ្រប់គ្រងបាន វាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ សម្រាប់គ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្តការផ្អាកការវាយប្រហារដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងស៊ីវិល។
លោកបានបន្ថែមថា ឥឡូវនេះជាពេលវេលាសម្រាប់ការទទួលខុសត្រូវ និងការអត់ធ្មត់ ដើម្បីបង្កើតលក្ខខណ្ឌ សម្រាប់ការបន្តការសន្ទនាឡើងវិញ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកំហែងថានឹងធ្វេីការ “វាយប្រហារ និងបំផ្លាញ” រោងចក្រថាមពលអ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់បរាជ័យក្នុងការបើកច្រកសមុទ្រហ័រមូស ទាំងស្រុងក្នុងរយៈពេល ៤៨ម៉ោង។
ជាការឆ្លើយតប ទីបញ្ជាការយោធាចម្បងរបស់អ៊ីរ៉ង់ គឺទីស្នាក់ការកណ្តាល Khatam al-Anbiya បានឧ្យដឹងយថា រោងចក្រថាមពលនៅក្នុងប្រទេសដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នឹងត្រូវបានចាត់ទុកថាជាគោលដៅស្របច្បាប់ ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហាររោងចក្រថាមពលរបស់អ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
