ទីក្រុងដេលី ៖ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលចេញផ្សាយក្នុងសប្តាហ៍នេះ រដ្ឋធានីរបស់ប្រទេសឥណ្ឌាបានលុបចោលការចុះបញ្ជីរថយន្ត និងម៉ូតូចាស់ៗ ៦.៦២ លានគ្រឿងក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលខ្យល់ ដោយឃើញចំនួនយានយន្តសរុបកើនឡើងដល់កម្រិតខ្ពស់បំផុត យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
ការស្ទង់មតិសេដ្ឋកិច្ច ទីក្រុងដេលីឆ្នាំ ២០២៥-២៦ ដែលបានដាក់ជូនសភាទីក្រុងដេលីនៅថ្ងៃទី ២៣ ខែមីនា បង្ហាញពីភាពផ្ទុយគ្នា នៃយុទ្ធនាការយុទ្ធសាស្ត្រប្រឆាំងនឹងការបំពុលរបស់ទីក្រុង។ ទោះបីជាមានយុទ្ធនាការដកយានយន្តដ៏ធំបំផុតមួយដែលរដ្ឋាភិបាលទីក្រុងបានប៉ុនប៉ងក៏ដោយ ចំនួនយានយន្តនៅលើដងផ្លូវទីក្រុងដេលីបានកើនឡើង ៧.៩៣ ភាគរយដល់ ៨.៧៦ លានគ្រឿងគិតត្រឹមថ្ងៃទី ១៩ ខែមីនា កើនឡើងពី ៨.១២ លានគ្រឿងកាលពីឆ្នាំមុន ។
ការលុបចោលការចុះបញ្ជីទាំងនេះ បានកើតចេញពីបទបញ្ជាដែលចេញដោយតុលាការបៃតង ជាតិរបស់ប្រទេសឥណ្ឌាក្នុងឆ្នាំ ២០១៤ និង២០១៥ ក្រោយមកត្រូវបានគាំទ្រ ដោយតុលាការកំពូលក្នុងឆ្នាំ២០១៨ ដោយហាមឃាត់រថយន្តម៉ាស៊ូត ដែលមានអាយុលើសពី ១០ ឆ្នាំ និងរថយន្តសាំង មានអាយុលើសពី ១៥ ឆ្នាំមិនឲ្យដំណើរ ការនៅលើដងផ្លូវទីក្រុងដេលី ។
យានយន្តដែលលើសពីដែនកំណត់ អាយុទាំងនេះ នឹងបាត់បង់ការចុះបញ្ជីដោយស្វ័យប្រវត្តិ ហើយលែងអាចបើកបរលើផ្លូវសាធារណៈ បានដោយស្របច្បាប់ទៀតហើយ។ ពួកវាត្រូវតែត្រូវបានបោះចោល ឬផ្ទេរទៅរដ្ឋដោយគ្មានការរឹតបន្តឹងអាយុ។
គោលនយោបាយនេះ បានបង្ហាញថា មានប្រសិទ្ធភាពក្នុងការលុបបំបាត់ម៉ាស៊ីនចាស់ៗ និងកខ្វក់ជាង ប៉ុន្តែវាមិនបានធ្វើអ្វី ដើម្បីបន្ថយល្បឿន នៃការទិញថ្មីជំនួសពួកវានោះទេ។ សម្រាប់យានយន្តនីមួយៗ ដែលត្រូវបានលុបចោលការចុះបញ្ជី និងបញ្ជូនទៅកន្លែងចាក់សំរាម មានយានយន្តថ្មីច្រើនជាងមួយត្រូវបានទិញ និងចុះបញ្ជី ៕
