កីឡា

Smalling ឈឺ​ចិត្ត​ស្ទើរ​ប្រេះ បាល់​​បុក​ចំ​មុខ ស្រាប់​តែ​អាជ្ញាកណ្ដាល ​ឲ្យ​បាល់​ប៉េណាល់ទី

ខ្សែ​ការពារ​ Roma ដែល​ខ្ចី​ជើង​ពី​បិសាច​ក្រហម Chris Smalling បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត បន្ទាប់​ពី​​អាជ្ញាកណ្ដាល​​សម្រេច​ផ្ដល់​បាល់​ប៉េណាល់ទី​ទៅ​ឲ្យ​ក្រុម Monchengladbach ពេល​ដែល​បាល់​ប៉ះ​មុខ​របស់​គេ។

រឿងរ៉ាវ​នេះ​កើត​ឡើង​អំឡុង​ពេល​កាល​ប្រកួត​​រវាង Roma ទល់​នឹង Monchengladbach ពាន​រង្វាន់​ Europa League។ ម្ចាស់​ផ្ទះ Roma បាន​នាំ​មុខ​មុន​នាទី​៣២ ដែល​ជា​ការ​ទាត់​បញ្ចូល​ទី​របស់​កីឡាករ Nicolo Zaniolo។ ប៉ុន្តែ​នាទី​៩៣​​ទៅ​ហើយ​កីឡាករ Nico Elvedi របស់ Monchengladbach បាន​ព្យាយាម​តែត​សំដៅ​ទី តែ​បែរ​ជា​ចំ​មុខ​របស់ Smalling ​ទៅ​វិញ។

ខណៈ​នោះ​ដោយ​សារ​តែ​បាល់​លឿន​ពេក​អាជ្ញាកណ្ដាល​​មើល​ឃើញ​ស្មាន​តែ​ប៉ះ​ដៃ ក៏​សម្រេច​ផ្ដល់​បាល់​ប៉េណាល់​ទី​តែ​ម្ដង ស្រប​ពេល ​Europa League មិន​បាន​ប្រើ​ប្រព័ន្ធ VAR ទេ។ កីឡាករ Lars Stindi ជា​​អ្នក​ធ្វើ​បាន​សម្រេច​ជួយ Monchengladbach តាម​ស្មើ ១-១។

ក្រោយ​បញ្ចប់​ការ​ប្រកួត Chris Smalling បាន​បង្ហាញ​ការ​មិន​ពេញចិត្ត​ថា៖ “ខកចិត្ត​​ណាស់​ដែល​មាន​ការ​សម្រេច​បែប​នេះ​លើ​ពួក​យើង។ ពួក​យើង​​គួរ​តែ​បាន​៣​ពិន្ទុ ពិត​ជា​ខកចិត្ត​ណាស់”៕​

ប្រភព៖Sabay

Most Popular

To Top