បរទេស៖ លោក Mike Tyson បានបង្កើតព្រឹត្តិការណ៍ក្នុងចំណងជើងមួយ នៅដើមខែនេះ នៅពេលដែលលោកបានប្រកាសផែនការបង្កើតកសិដ្ឋានដាំកញ្ឆានៅតំបន់ការ៉ាប៊ីន។ អ្នកប្រដាល់ដ៏អស្ចារ្យរូបនេះ មានកសិដ្ឋានមួយនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ហើយបានបើកចំហអំពីការប្រើប្រាស់គ្រឿងញៀនរបស់គាត់ផ្ទាល់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា
អ្នកប្រដាល់ជើងចាស់ Mike Tyson បាននិយាយថា លោកនឹងក្លាយជា “សត្វជ្រូកលើសទម្ងន់” ប្រសិនបើមិនជក់កញ្ឆា ដោយសារតែលោក មិនដឹងពីរបៀបជិះលើម៉ាស៊ីនហាត់ប្រាណទេ (ខ្ជិលហាត់ប្រាណ)។
វីដេអូបានបង្ហាញពី Mike Tyson ធ្វើការបង្ហាញយ៉ាងធំមួយអំពីសារៈសំខាន់នៃកញ្ឆា ចំពោះសុខភាពរបស់គាត់។
អតីតអ្នកប្រដាល់វ័យ ៥៣ ឆ្នាំរូបនេះបានការពារការប្រើប្រាស់កញ្ឆា ដោយលោកថា « ខ្ញុំកំពុងនិយាយពីបទពិសោធន៍របស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំគិតថាវាជាគំនិតល្អ វាគឺជាដំណើរការព្យាបាលដែលអ្នកត្រូវឆ្លងកាត់។ អ្នកជក់បារីកញ្ឆាដោយមិនដឹងខ្លួន។ វាជាដំណើរការដែលត្រូវឆ្លងកាត់»។
អតីតម្ចាស់ជើងឯកទម្ងន់ធ្ងន់រូបនេះបានសារភាពថា « ខ្ញុំនឹងមិនដឹងពីវិធីដើម្បីដើរលើម៉ាស៊ីនហាត់ប្រាណប្រសិនបើខ្ញុំមិនជក់កញ្ឆាមុនទេ។ ប្រសិនបើខ្ញុំមិនជក់កញ្ឆា នោះខ្ញុំនឹងមិនដែលហាត់ ហើយវានឹងធ្វើឱ្យខ្ញុំក្លាយជាជ្រូកដែលលើសទម្ងន់ប៉ុណ្ណោះមួយ»៕ប្រែសម្រួលៈ ណៃ តុលា