កីឡា

សូត្រ ខេវិន និងព្រឿង សុជាតិឡើងគ្គបន្តនៃTV5 Boxing Knock-Out Serie by K-Cement

ភ្នំពេញ៖អ្នកប្រដាល់ សូត្រ ខេវិន ក្លិបបក្សីស្លាបដែក និងអ្នកប្រដាល់ ព្រឿង សុជាតិ ក្លិបកងពលធំអន្តរាគមន៍លេខ២ នៃក្រសួងការពារជាតិ បានដឹកដៃគ្នាឡើងប្រកួតបន្ត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅសង្វៀនព្រែកកំពីស។

អ្នកប្រដាល់សូត្រ ខេវិន បានប្រើជង្គង់ផ្ដួលអ្នកប្រដាល់ រ៉ែម រាជក្លិបអង្គរមានជ័យខេត្ត សៀមរាប ឲ្យសន្លប់នៅមុនស្នូរជួង បញ្ចប់ទឹកទី៣មកនោះ ។ រ៉ែម រាជ ប្រើកណ្ដាប់ដៃវ៉ៃ បានល្អនិងចំគោលដៅ បានច្រើនតែដោយសារតែកម្ពស់ គេទាបជាងខេវិននោះ បានធ្វើ ឲ្យគេជួបការលំបាក។ក្នុងស្ថានភាពបែបនេះ រ៉ែមរាជបានបង្ខំចិត្តវ៉ៃប្ដូរទោះបី មួយចាន ទឹកមួយចានគោកក៏ដោយ ។

សម្រាប់ទឹកទី២ជង្គង់ របស់ខេវិនបានធ្វើឲ្យរ៉ែម រាជដួលហើយត្រូវអាជ្ញាកណ្ដាល រាប៨ តែបន្ទាប់ពីរាប់៨ ហើយគេអាចបន្តការប្រកួតបានទៀត រហូតចប់ទឹកទី២ ហើយមកដល់ ទឹកទី៣រ៉ែម រាជត្រូវអាជ្ញាកណ្ដាលរាប់៨ម្ដងទៀតតែគេបន្តការប្រកួតបានទៀត។

នៅពាក់កណ្ដាលទឹកទី៣ រ៉ែម រាជ ត្រូវខេវិន អុកមួយជង្គង់ ឲ្យដួលម្ដងទៀត ដែលការ ដួលលើកនេះគេបង្ខំចិត្តចុះចាញ់តែម្ដង ចំពោះរ៉ែម រាជខ្ទាតចេញពីការប្រកួត នៅត្រឹម ទឹកទី៣នេះក្នុងខណៈដែលសូត្រ ខេវិនកក់កៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

ដោយឡែកអ្នកប្រដាល់ ព្រឿង សុជាតិ ក្លិបកងពលធំអន្តរាគមន៍លេខ២ នៃក្រសួង ការពារជាតិ ប្រកួតឈ្នះអ្នកប្រដាល់លាប រដ្ឋាក្លិបដីឡូតិ៍ មានរិទ្ធដោយពិន្ទុ ទាំងប្រផិត ប្រផើយ។

ជ័យជម្នះបានធ្វើ ឲ្យសុជាតិមានកៅអី សម្រាប់ប្រកួតបន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ចំពោះលាប រដ្ឋាខ្ទាតចេញពីការប្រកួតតែត្រឹមនេះហើយ ។

ការប្រកួតក្រៅព្រឹត្តិការណ៍ ពានរង្វាន់រវាងអ្នកប្រដាល់រួមជាតិវិញនោះជ័យ ស៊ីណេត ក្លិបឃ្លាំងមឿង កីឡាប្រកួតចាញ់សៀវ ង៉ុយក្លិបកងពលធំអន្តរាគមន៍លេខ២ ដោយពិន្ទុ ទាំងមិន អស់ចិត្តបន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ៕

ដោយ៖លី ភីលីព

Most Popular

To Top