កីឡា

ក្រសួងការពារជាតិ គ្រងតំណែងជើងឯក នៃការប្រកួតកីឡាបាញ់ កាំភ្លើងជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩

ភ្នំពេញ៖ លោក មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន សហព័ន្ធកីឡាបាញ់ កាំភ្លើងកម្ពុជានាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩បានអញ្ជើញ ចូលរួមពិធីបិទការប្រកួត កីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៦-២៧ ខែតុលា ឆ្នាំ២០១៩ នៅទីលានកងពលតូច ទ័ពពិសេសឆ័ត្រយោង៩១១។

ការប្រកួតជើងឯកឆ្នាំនេះ ក្រសួងការពារជាតិគ្រងតំណែងជើងឯក ប្រចាំឆ្នាំ២០១៩ ដោយសារតែដណ្តើមមេដាយ ច្រើនជាងគេ ខណៈអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ឈ្នះជើងឯករង កងរាជអាវុធហត្ថរាជធានីភ្នំពញ ទទួលបានចំណាត់ថ្នាក់លេខ៣ បញ្ជការដ្ឋានកងទ័ពជើងគោក ជាប់លេខ៤។

លោកស្រី ស៊ុ សុខា ប្រធានគណៈកម្មការការប្រកួត បានរាយការណ៍ថា ការប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩ មានក្លិបចូលរួមចំនួន៩រួមមាន ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការនគរបាលជាតិ បញ្ជការដ្ឋានកងទ័ពជើងគោក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច បញ្ជការដ្ឋានការពារកោះឆ្នេរ កងពលតូចទ័ពពិសេស ឆ័ត្រយោង៩១១ កងរាជអាវុធហត្ថរាជធានីភ្នំពញ និងមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ។

ការប្រកួតកីឡាបាញ់ កាំភ្លើងជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០១៩ រៀបចំដោយ សហព័ន្ធកី ឡាបាញ់កាំភ្លើង កម្ពុជាសហការជាមួយក្រសួង អប់រំយុវជន និងកីឡា ដែលមានវិញ្ញាសាចំនួន៣គឺ វិញ្ញាសា កាំភ្លើងវែង ២២ ឡុង (៥០ម៉ែត្រ បុរសនារី) វិញ្ញាសា កាំភ្លើងខ្លី ២២ ឡុង (២៥ម៉ែត្រ បុរសនារី) និងវិញ្ញាសា កាំភ្លើងខ្លី ៩មម (២៥ម៉ែត្រ បុរសនារី)៕

ដោយ៖លី ភីលីព

Most Popular

To Top