ភ្នំពេញ៖សហព័ន្ធខ្មែរហែលទឹកត្រៀមបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៣នាក់ទៅចូលរួមការបោះជំរុំហ្វឹកហាត់រយៈពេល១០ថ្ងៃនៅទីក្រុងដូហា ប្រទេសកាតាដើម្បីកម្តៅសាច់ដុំត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2019 លើកទី៣០ ប្រទេសហ្វីលីពីននឹងចាប់ផ្តើមថ្ងៃសៅរ៍ទី ៣០ ខែវិច្ឆិកាដល់ថ្ងៃពុធទី ១១ ខែធ្នូ ឆ្នាំ២០១៩។

លោកហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹកបានមានប្រសាសន៍ថា សហព័ន្ធបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៣នាក់បោះជំរុំហ្វឹកហាត់តាមរយៈពេលគណៈកម្មាធិការអូឡាំពិកអាស៊ីសហការជាមួយសហព័ន្ធហែលទឹកពិភពលោកយើងធ្លាប់ចូលរួម៣ឬ៤ដងហើយ សម្រាប់លើកនេះសហព័ន្ធបញ្ជូនលោកគូ្រ នាង សូរិទ្ធិយ៉ា កីឡាករ អ៊ូង លីហេង និងកីឡាការិនី សុខ វរល័ក្ខណ

លោកបានបន្តថា ការបោះជំរុំហ្វឹកហាត់នេះមានរយៈពេល១០ថ្ងៃគឺចាប់ពីថ្ងៃទី៥រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយយើងនឹងចេញដំណើរពីប្រទេសកម្ពុជានាថ្ងៃទី៤ វិច្ឆិកាខាងមុខនេះ សម្រាប់ការបោះជំរុំមានកីឡាករ-កីឡាការិនីមកពីបណ្តាលប្រទេសនៅអាស៊ីទំាងអស់ ក្រោយពីបញ្ចប់ការបោះជំរុំនឹងធ្វើការប្រកួតដើម្បីសាកល្បងសមត្ថភាព និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនីចូលរួម៕ដោយ៖លី ភីលីព

