ភ្នំពេញ៖ ទូរទស្សន៍ប៉ុស្តិ៍លេខ៥សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ អាជ្ញាធរខេត្តកំពង់ស្ពឺ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺបានរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជាលក្ខណៈមិត្តភាពជាតិ ដណ្តើមពានរង្វាន់ជើង ឯកខេត្តកំពង់ស្ពឺ និងការប្រកួតប្រដាល់គុនខ្មែរលក្ខណៈអន្តរជាតិ “Khmer Fight” ដើម្បីអបអរសាទរពិធីបុណ្យអុំទូកខេត្តកំពង់ស្ពឺនឹងធ្វើនៅថ្ងៃទី០២-០៣វិច្ឆិកា២០១៩ នៅសង្វៀនកីឡដ្ឋានខេត្តកំពង់ស្ពឺ ។
លោកអូឡាឡា អ្នកគ្រប់គ្រងសង្វៀនTV5បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជាលក្ខណៈមិត្តភាពជាតិដណ្តើមពានរង្វាន់ជើងឯកខេត្តកំពង់ស្ពឺយប់ថ្ងៃទី១ ថ្ងៃសៅរិ៍ទី២ ខែ វិច្ឆិកា ឆ្នាំ២០១៩ មានចំនួន៣គូ អ្នកប្រដាល់យុគ យក្សផ្លែ ក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតអ្នកប្រដាល់ អេលីត សាន់ ក្លិបឆ្មាសសែនសុខគុនខ្មែរ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកប្រដាល់ គង់ សំបូរ ក្លិបគុហារព្រហ្មជ័យខេត្តសៀមរាបប៉ះអ្នកប្រដាល់ សែម សំណាង ក្លិបសាលវ័ន្តកីឡា ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម និងគូទី៣ និងអ្នកប្រដាល់លាភ រដ្ឋា ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យជួប អ្នកប្រដាល់ម៉ន សាម៉េត ក្លិបកងចក្ររាជសីហ៍មានរិទ្ធ ក្នុងប្រភេទទម្ងន់៦០ គីឡូក្រាម ។
លោកបានបន្តថា សម្រាប់ការប្រកួត KhmerFight យប់ថ្ងៃទី២ ថ្ងៃទី០៣ វិច្ឆិកា អ្នកប្រដាល់ជើងខ្លាំង កម្ពុជា រឿង សោភ័ណ្ឌ ក្លិបមកុដរាជសីហ៍ជួបអ្នកប្រដាល់បារាំង Abdel Karim Benalla ក្នុងទម្ងន់ ៧១គីឡូក្រាម អ្នកប្រដាល់ ព្រំ សំណាង ក្លិបកងពលតូចទ័ពឆ័ត្រយោង ៩១១ ប្រកួតជាអ្នកប្រដាល់ ថៃឆាន់ឆៃ គាតថាវ៉ន ដោយជួបក្នុងទម្ងន់៧៦គីឡូក្រាម និងអ្នកប្រដាល់ វង្ស ណយ ក្លិបកុលបុត្រគុនខ្មែរប្រកួតអ្នកប្រដាល់អ៊ីរ៉ង់ ក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។
ចំណែកអ្នកប្រដាល់ ម៉ឺន សុភា សមាគមកីឡាប្រដាល់ក្រសួងការពារជាតិប៉ះ អ្នកប្រដាល់មកពីអ៊ីរ៉ង់ Abdollah Anizh ក្នុងទម្ងន់៧១គីឡូក្រាម អ្នកប្រដាល់ ចាន់ សំអាត ក្លិបមីស្ទឺលីគុនខ្មែរ ប្រកួតជាមួយអ្នកប្រដាល់ថៃ Satranpop Sor.Bangkru ក្នុងទម្ងន់៦០គីឡូក្រាម និងអ្នកប្រដាល់បាង កាយ៉ាក សមាគមកីឡាប្រដាល់ក្រសួងកសិកម្មជួបប្រកួតជាមួយអ្នកប្រដាល់ អាល់ហ្សេរី(Algeria) Liamine Benkerrou ក្នុងទម្ងន់៦០ គីឡូក្រាម៕ដោយ៖លី ភីលីព