ភ្នំពេញ៖លោកមាន សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូន កម្ពុជានាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាសីដក់អន្តរជាតិកម្រិត១ ដោយវគ្គបានប្រព្រឹត្តិកន្លងទៅពីថ្ងៃទី ២៨ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ២០១៥នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកទុយ ប៊ុនហឿន អគ្គលេខាធិការរងនៃសហព័ន្ធកីឡាសីដក់ និងឈិនឡូន កម្ពុជាបាននិយាយថា យោងតាមផែនការកសាងធនធានមនុស្សរបស់សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាសហការជាមួយក្រសួងអប់រំ យុវជន និងកីឡាដើម្បីរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក អន្តរជាតិ កម្រិត១ក្នុងការបង្កើនធនធានមនុស្សរបស់សហព័ន្ធ។
លោកបានបន្តថា វគ្គនេះមានសិក្ខាកាមបានចូលរួមចំនួន៣០នាក់មកពីសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា ក្រសួងមហាផ្ទៃក្រសួងការពារជាតិ អង្គការមិត្តសំឡាញ់ នាយកដ្ឋានអប់រំកាយ និងកីឡា សិស្ស ក្លិបកីឡាសីដក់ ដេអិន ក្លិបកីឡាសីដក់ បានលុង ក្លិបកីឡាសីដក់ ទន្លេបាសាក់ ក្លិបកីឡាសីដក់ ស្រុកកណ្តាលស្ទឹង ក្លិបកីឡាសីដក់ មេគង្គកីឡា មន្ទីរ អ.យ.ក ខេត្តកំពង់ចាម គ្រូបង្វឹកជម្រើសជាតិ សហព័ន្ធកីឡាសីដក់ និងគ្រូបង្វឹកថ្នាល សហព័ន្ធកីឡាសីដក់។
លោកអគ្គលេខាធិការរងបានបន្ថែមថា ឆ្លងកាត់ការបណ្តុះបណ្តាលអស់រយៈពេល៥ថ្ងៃមកនេះ សិក្ខាកាមទាំងអស់ទទួលបានលទ្ធផលរួមមាន៖យកចិត្តទុកដាក់សិក្សា ៥០ភាគរយ យល់ដឹងពីទ្រឹស្ដីកីឡាសីដក់ ៤០ភាគយ និងយលដឹងពីមូលដ្ឋានបច្ចេកទេស៥០ភាគរយ៕ដោយ៖លី ភីលីព



