ភ្នំពេញ៖ សហព័ន្ធកីឡារាកម្ពុជា បានរៀបចំការប្រកួតកីឡារាំ ជ្រើសរើសជើងឯកជាតិ ពេញមួយរសៀលថ្ងៃទី២វិច្ឆិកា ឆ្នាំ២០១៩ ដោយមានការចូលរួមពី សំណាក់លោកស្រី ញ៉ែម មរកត ដែលជាប្រធានសហព័ន្ធ ។
មានក្លិបចំនួន៥ បានបញ្ជូនកីឡាករកីឡាការិនី របស់ខ្លួនមកចូលរួមប្រកួត ដែលក្នុង នោះមានក្លិបចំប៉ីស ក្លិប NewTrend ក្លិប ពន្លកថ្មី ក្លិបសាលាវ៉េឡាញន៍ទី១ និង ក្លិបសាលាវ៉េឡាសញន៍ទី២ ។
កីឡាករដែលចូលរួមមានចំនួន៩រូប និងកីឡាការិនីចំនួនចំនួន២១រូប គ្រូបង្វឹក និងប្រតិភូចំនួន៤រូប ។
វិញ្ញាសា ដែលដាក់ឲ្យប្រកួតមានចំនួន២២ ដោយបែងចែកតាមប្រភេទ អាយុដូច ជាអាយុ ក្រោម១២ឆ្នាំអាយុ ក្រោម១៣ឆ្នាំ ដែលចែកចេញជាកម្រិតទី១ និងកម្រិតទី២ ព្រមទាំងវ័យយុវជន ដែលមានកម្រិតទី១ និងកម្រិតទី២ដែរ ។
សូមបញ្ជាក់ថាក្នុងចំណោមវិញ្ញាសាទាំង២២នោះ ចែកចេញជា៣ប្រភេទ ប្រភេទទី១ វិញ្ញាសាឯកត្តជន (Solo Dance)ដែលមាន១២វិញ្ញាសា ដែលក្នុងនោះមានរាំចង្វាក់ Ramba ចង្វាក់ Jive ចង្វាក់Paso Doble ចង្វាក់Samba និង ចង្វាក់ Cha Cha Cha ។
ប្រភេទទី២វិញ្ញាសារាំគូ ដែលមានចង្វាក់Samba ចង្វាក់ Cha Cha Cha ចង្វាក់Ramba និងចង្វាក់ Paso Doble ។សូមបញ្ជាក់ថាប្រភេទទី២នេះ មានចំនួន៧វិញ្ញាសា ។
ចំពោះប្រភេទទី៣ ដែលមាន៣វិញ្ញាសានោះ គឺជាវិញ្ញាសារាំគូ Couple Dance ដែលមានការរាំគូកម្រិត A និងរាំគូកម្រិត B ។
លោកស្រី ញ៉ែម មរកត បានមានប្រសាសន៍ថា កីឡារាំពេលនេះ កំពុងតែទាក់ទាញ ចិត្តយុវជន យុវនារីបានច្រើន ជាមួយគ្នានេះកីឡារាំបានធ្វើសមាហរណកម្ម ទៅក្នុងតំបន់ ទ្វីប និងពិភពលោក ។
កន្លងមកកីឡារាំកម្ពុជា ដណ្ដើមបានមេដាយពីកម្រិតទ្វីប តំបន់ និងពិភពលោក ហើយណោពេលខាងមុខនេះ កីឡារាំកម្ពុជា នឹងចូលរួមក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនទៀតផង ៕
ដោយ៖លី ភីលីព




