ក្នុងការប្រកួតពានរង្វាន់ PREMIER LEAGUE សប្ដាហ៍ទី ១១ យប់មិញនេះក្រុម Everton ត្រូវស្វាគមន៍ក្រុម Spurs ដែលបញ្ចប់ទៅដោយលទ្ធផល ១-១ ។ យ៉ាងណាមិញ គេសង្កេតឃើញមានការទង្គិចគ្នារហូតដល់បានកាតលឿង និងកាតក្រហមមួយសន្លឹកត្រូវដេញចេញពីទីលាន ក្រោយពេលដែលកីឡាករឆ្នើមរបស់ Spurs ឆូសជើង Andre Gomes កីឡាករ Everton បណ្ដាលឲ្យបាក់ក-ជើង។
សកម្មភាព Son មកដណ្ដើមបាល់ពី Gomes /រូបថត៖ Goal
ក្រោយពេលឃើញ Gomes ឱបជើងស្រែកដោយការឈឺចាប់បែបនេះ Son ក៏ខ្ទប់មុខយំ ព្រោះកំហុសរបស់ខ្លួនគ្រាន់តែព្យាយាមទាញយកបាល់និងឆូសកាត់ដោយអចេតនាប៉ុណ្ណោះ បើមើលតាមរយៈវីដេអូកីឡាករ Moussa Sissoko ទៅវិញទេដែលឆូសជើងខ្ទប់ជាមួយ Gomes បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវសែងចេញភ្លាមៗនៅនាទី ៧៨។
ប្រការនេះត្រូវបានអ្នកគាំទ្រនិងសារព័ត៌មាននានា បង្ហាញការមិនពេញចិត្តចំពោះអាជ្ញាកណ្ដាលដែលសម្រេចចិត្តលឿនជាងសព្វដង ពោលគឺមិនបានទៅពិនិត្យមើលវីដេអូ VAR នោះទេ។ ខណៈដែលនាទីនៅសល់តែបន្តិច ក្រុមម្ចាស់ផ្ទះព្យាយាមវាយបករហូតតាមបានស្មើវិញនាទី ៩០ ទៅហើយដោយកីឡាករ Cenk Tosun ។
កីឡាករ Everton អបអរក្រោយរកបានគ្រាប់តាមស្មើនាទី ៩០ បច្ចុប្បន្នក្រុមកំពូល តារាងនៅតែជាក្រុម Liverpool ដដែលដោយមាន ៣១ ពិន្ទុដាច់ក្រុមលេខ ២ Man City ដែលមាន ២៥ ពិន្ទុ រីឯក្រុម Spurs ធ្លាក់ដល់លេខ ១១ មានត្រឹម ១៣ ពិន្ទុប៉ុណ្ណោះ៕
ប្រភព៖Sabay